ភ្នំពេញ ៖ អនុវិស័យសំណង់ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងបន្តមានកំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស។ នេះ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបញ្ជាក់ទៀតថា  សម្រាប់សំណង់ថ្លៃខ្ពស់ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

បើតាមសេចក្តីព្រាងច្បាប់នេះ  វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ២០២២ ក្នុងអត្រា ៩,០%ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំន អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើប ឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិកូវីដ-១៩)។

ចំពោះអនុវិស័យកាត់ដេរវិញ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារការរំពឹងទុកលើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ស្របជាមួយការរំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ដូចជា មីយ៉ាន់ម៉ា ជាដើម។ ការដាក់ចេញ នូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។

យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យ អវិជ្ជមានដល់អនុវិស័យនេះផងដែរ។

ជាមួយគ្នានេះ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានៅបន្តសម្រេចបានកំណើន ល្អប្រសើរ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀតគាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អ ប្រសើរនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែក ផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន៖ គ្រឿងសង្ហារិម, ស្បែក សត្វមានរោម, ក្តារកុងប្លាកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, បន្ទះ សូឡា, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, ស្ករស, និងកសិផលកែច្នៃផ្សេងៗ ជាដើម។ ទន្ទឹមនេះ, ការដាក់ចេញនូវ “ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” នឹងអាចរួមចំណែកបង្កើន បរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

ផ្អែកលើការវាយតម្លៃពាក់កណ្ដាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្ត និន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី, ដោយសារការបន្តភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ។

 

ដោយឡែក សម្រាប់ឆ្នាំ២០២៣, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១,២៧៦ ប៊ីលានរៀល ឬសមមូលស្មើនឹងប្រមាណ  ៣២,២៩១លានដុល្លារ អាមេរិក, ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថាកើនឡើងដល់ ១,៩២៤ ដុល្លារអាម៉េរិក បើធៀបនឹង ១,៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២៕