សៀមរាប ៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានដល់ ៦៣% ហើយ។ នេះបើតាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុ AIAI ដែលជាក្រុមហ៊ុនទទួលបន្ទុកលើការអនុវត្តគម្រោង។
ការសម្រេចបាន ៦៣% នេះ គឺមានការយឺតយ៉ាវបន្តិចពីការគ្រោងទុកកាលពីដើមឆ្នាំ ថានឹងអាចសម្រេចបាន ៧០%។ ជាក់ស្ដែង ការយឺតយ៉ាវនៃការសាងសង់នេះ ឈរលើមូលហេតុនៃការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិន ដែលកំពុងតែស្ថិតក្នុងវិធានការកូវីដសូន្យនៅឡើយ។ បើទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនទទួលបន្ទុកលើការងារសាងសង់ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចការងារឱ្យបានដល់ ៩០% នៅត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានសាទរចំពោះក្រុមហ៊ុនសាងសង់សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើការងារ។
តាមរយៈសមិទ្ធផលនៃការកសាងនេះ ឯកឧត្តមបានវាយតម្លៃបានថា ៖ «ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនោះ គឺពួកយើងបានឆ្លងផុតហើយ នៅសល់តែការងារតិចតួចប៉ុណ្ណោះដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣»។
ឯកឧត្តមបន្តថា៖ «ក្នុងអំឡុងពេលនេះ និងបន្តទៅមុខទៀត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ»។
ជាមួយគ្នានេះ ដើម្បីឱ្យការងារកាន់តែរលូន ឯកឧត្តមបានធ្វើការណែនាំចំនុចសំខាន់ៗ ចំនួន៣ចំនុចដូចខាងក្រោម៖
១. ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។
២. ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀតជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។
៣. ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ (Service Providers) នៅព្រលានយន្តហោះ សូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ ដើម្បីជំរុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។