ភ្នំពេញ ៖ ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគផ្ទាលពីបរទេសគិតជាទំហំទឹកប្រាក់ចំនួន ៤.៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៧.៥ ភាគរយ បើធៀបនឹងទុនវិនិយោគ ៤.៣៥ ពាន់លានដុល្លារដែលកម្ពុជាបានទាក់ទាញកាលពីឆ្នាំ២០២១។ នេះបើយោងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។
របាយការណ៍នេះបានឱ្យដឹងថា វិនិយោគិនបរទេសសំខាន់ៗដែលមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំមុនគឺមកពីប្រទេសចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ដែលភាគច្រើនផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិមួយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគដែលមានភាពអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនមកកម្ពុជា។
លោកបានឱ្យដឹងថា ៖«ទាំងកិច្ចព្រមព្រៀង RCEP និង CCFTA គឺជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា។ ជាមួយគ្នានេះ ការគ្រប់គ្រងដោយជោគជ័យរបស់កម្ពុជាលើជំងឺរាតត្បាតកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំង គឺជាកត្តាទាក់ទាញមួយទៀតសម្រាប់អ្នកវិនិយោគ»។
កិច្ចព្រមព្រៀង RCEP មានប្រទេសចូលរួមចំនួន ១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ គឺប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយដៃគូពាណិជ្ជកម្មទាំង ៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់៕