សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជា បន្តសម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់ ខណៈកម្ចីអចលនទ្រព្យមានទំហំប្រាក់ប្រមាណជិត 8 ពាន់លានដុល្លារ គិតត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ 2022 កន្លងមកនេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ បានបង្ហាញថា នៅត្រឹមត្រីមាសទី 4 នៃឆ្នាំ 2022 នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល បានធ្លាក់ចុះជារួម -4%។ ការធ្លាក់ចុះពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន –6% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ទំនាបមានចំនួន -14% ។ ការស្នើរសុំប័ណ្ណឥណទាន មានការធ្លាក់ចុះរចំនួន -3% ដោយសារមានការថយចុះនៅតំបន់ទន្លេសាបចំនួន -13% នឹង តំបន់ឆ្នេរ -11%។ ប៉ន្តែ ការស្នើរសុំកម្ចីអចលនទ្រព្យ មានការកើនឡើងចំនួន +15%។
គិតត្រឹមខែធ្នូ ឆ្នាំ 2022 សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +3,82% គិតត្រឹមពីខែធ្នូ ឆ្នាំ 2023។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន 14,32 ពាន់លានដុល្លារ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ 12,33% នៃចំនួនគណនីសរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប 55,81% (ស្មើនឹងប្រមាណ 7,9 ពាន់លានដុលល្លារ) ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក 43,35%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ 0,84% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅគ្រប់តំបន់ដូចជា តំបន់ទន្លេសាប +18,8% តំបន់ឆ្នេរ +2,5% ទំនាប +1,1% តំបន់ខ្ពង់រាប 0,9% ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវលំនឹង ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន។ លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពប្រសើរបន្តិច ជាមួយនឹងការថយចុះនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត 30 ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី 2,60% ក្នុងត្រីមាសទីបី មកដល់ 2,51% ក្នុងត្រីមាសទីបួន 2022 នេះ៕