មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអ្នករកស៊ីក្នុងវិស័យសំណង់ទាំងចូលរួមគោរពច្បាប់ស្តីពីសំណង់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព គុណភាព ប្រសិទ្ធភាពដល់អ្នកប្រើប្រាស់ និង អ្នកជិតខាង។
លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងកាលពីពេលថ្មីៗនេះថា ៖ «បើសិនជាយើងទាំងគ្នា គោរពច្បាប់ យើងជួយឱ្យវិស័យរបស់យើងមានគុណភាព និងប្រសិទ្ធភាព និងកាន់តែល្អប្រសើរ យើងនឹងធនាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រយោជន៍ខ្លួនឯង និងអ្នកប្រើប្រាស់ និងអ្នកជិតខាងផងដែរ »។
លោកបន្តថា ដោយឡែកអ្នកដែលល្មើសបញ្ញត្តិច្បាប់ស្តីពីសំណង់ នឹងប្រឈមមានទោសទណ្ឌជាប់ពន្ធនាគារ និងពិន័យជាប្រាក់ដោយតុលាការ ក្នុងមាត្រាណាមួយនៃច្បាប់នេះ ។ ការពិន័យនេះ មិនមែនពិន័យដោយមន្ត្រីចុះអធិការកិច្ចនោះទេ គឺបុគ្គលអ្នកប្រព្រឹត្តអាចជាប់ទោសពីលហុ រហូតដល់បទមជ្ឈឹម ឬបទឧក្រឹដ្ឋថែមទៀត ដែលចេញដោយតុលាការរបស់កម្ពុជា។
ច្បាប់ស្តីពីសំណង់ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ ច្បាប់នេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ច្បាប់នេះ មាន ២៣ជំពូក និង១១១ មាត្រា មានគោលបំណងក្នុងការពង្រឹងការគ្រប់គ្រងភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឱ្យមាន សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈជាដើម៕