ភ្នំពេញ ៖ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលប្រើប្រាស់ទុនសរុបប្រមាណ ៣៥០ លានដុល្លារ នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣ នេះ ហើយនឹងមិនមានការពន្យារពេលទៀតនោះទេ។
លោកស្រីបានបញ្ជាក់ដូច្នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង” កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រី មិថុនា ភូថង បានថ្លែងថា ៖«ច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង ១០០ ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ»។ លោកស្រី បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបញ្ជាក់ថា នឹងកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយមិនពន្យាពេលទៀតនោះឡើយ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី1) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤,៥ ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិននេះ Tianjin Union Development Group(UDG) គ្រោងប្រើប្រាស់ទុនវិនិយោគសរុប ៣៥០ លានដុល្លារ។
អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជា យន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕