ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលគ្រោងនឹងបញ្ចេញថវិការដ្ឋចំនួន230 លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពានឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង របស់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង 5ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2023នេះ។
សម្តេចតេជោថ្លែងថា ៖ «រាជរដ្ឋាភិបាលសម្រេចធ្វើស្ពាន ដោយប្រើប្រាស់ថវិកាប្រមាណ 230 លានដុល្លារ គឺជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមកសម្រាប់តភ្ជាប់ ឆ្លងទៅត្រើយម្ខាង ឆ្លងកាត់ខេត្តកណ្តាលមួយផ្នែក ខេត្តព្រៃវែងមួយផ្នែក និងខេត្តស្វាយរៀងមួយផ្នែក»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា ការបើកដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវចាប់ផ្តើមនៅដើមឆ្នាំ2023 ក្រោយពេលដែលសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចចំនួន3ថ្ងៃនៅប្រទេសចិន។ តែគម្រោងដែលត្រូវពន្យារពេលរហូតដល់ខែមិថុនាវិញនេះ គឺដោយសារតែភាគីចិនមានភាពយឺតយ៉ាវក្នុងការពិនិត្យសំណុំឯកសារ។
រដ្ឋាភិបាលបានបញ្ចប់ការចរចាជាមួយនឹងក្រុមហ៊ុនចិន កាលពីថ្ងៃទី 10 ខែធ្នូឆ្នាំ2022 សម្រាប់ធ្វើការសាងសង់ផ្លូវល្បឿនលឿនេះ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចំងាយ 138គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណ 1,638 លានដុល្លារអាមេរិក។ ផ្លូវល្បឿនលឿនទី2 របស់កម្ពុជា នេះ មានសារៈសំខាន់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម៕