ភ្នំពេញ ៖ ក្រុមហ៊ុន AEON របស់ប៉ុនគ្រោងនឹងបើកសម្ពោធជាផ្លូវការនូវផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅថ្ងៃទី 7 ខែមេសា ឆ្នាំ 2023 ខាងមុខនេះ។ នេះបើយោងតាមការបង្ហើបប្រាប់ពីអាជីវករដែលជួលទីតាំងនៅផ្សារមួយនេះ។
ប្រភពដដែលបានឱ្យដឹងថា ការបើកសម្ពោធនេះ នឹងមានអមដោយការបង្ហាញនូវហាងថ្មីៗកាន់តែទាក់ទាញដល់អតិថិជនផងដែរ។ ផ្សារទំនើបនេះបានបើកដំណើរការសាកល្បងកាលពីចុងឆ្នាំមុន ហើយបានទាក់ទាញអតិថិជនក្នុងស្រុកជាច្រើនដែលបានចូលទស្សនា និងដើរលេងកម្សាន្ត។
គម្រោងផ្សារទំនើបលក់រាយដ៏ធំបំផុតរបស់ជប៉ុន អ៊ីអន 3 ឬអ៊ីអនមានជ័យ (Aeon Mean Chey Store) ត្រូវបានប្រើប្រាស់ទុនវិនិយោគ 289,6 លានដុល្លារ សាងសង់នៅលើផ្ទៃដី 174,000 ម៉ែត្រការ៉េ ដោយបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ2019 និងនោះបានប្រកាសដំណើរការសាកល្បងចាប់ពីថ្ងៃទី15 ខែធ្នូ កាលឆ្នាំ2022។
អ៊ីអនមានជ័យ គឺជាផ្សារទំនើបលក់ទំនិញទូទៅធំជាងគេនៅកម្ពុជា ដែលមានផ្ទៃក្រឡាជាង 16,000 ម៉ែត្រការ៉េ ដោយមិនទាន់រាប់បញ្ចូលទំហំផ្សារទំនើបទាំងមូល។ អ៊ីអន 3 ត្រូវបានសាងសង់ និងរចនាឡើងមានលក្ខណៈឌីជីថល ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបៗនៃផ្ទាំងបញ្ចាំងរូបភាពដែលមានលក្ខណៈ 2D និង 3D ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការទទួលយកព័ត៌មាននានា និងប្រូម៉ូសិនផ្សេងៗ។
ក្រុមហ៊ុន Aeon Cambodia បានមកបើកផ្សារទំនើបអ៊ីអន 1 ដែលស្ថិតនៅខណ្ឌចំការមន ក្រោមទុនវិនិយោគប្រហែល 205 លានដុល្លារកាលពីឆ្នាំ 2014 និងផ្សារអ៊ីអន 2 នៅខណ្ឌសែនសុខ មានទុនវិនិយោគ 120 លានដុល្លារ កាលពីឆ្នាំ2018៕