ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទារលុយជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ខណៈរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន 1,030ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង នៅព្រឹកថ្ងៃទី18 ខែមេសា ឆ្នាំ2023 ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឲ្យមានភាពកាន់តែល្អប្រសើរឡើង។
ឯកឧត្តមអភិបាលបានបញ្ចាក់បន្តថា ការចែកប្លងរឹងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។
ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន 186លើក ស្មើនឹង 270,926ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី187 នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង សរុបចំនួន 1,030ប័ណ្ណ ស្មើនឹង 513គ្រួសារ៕