ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងបរិស្ថានដែលជាសេនាធិការនិងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះខ្នាតតូចក្រោម 10 ហិកតា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដោយ មានការស្នើសុំវិនិយោគពីវិស័យឯកជនអភិវឌ្ឃន៍នៅក្នុងខេត្តព្រះសីហនុចំនួន  57 គម្រោង ក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនេះ លោក ឡុង ឌីម៉ង់ បានស្នើរដ្ឋមន្ត្រីក្រសួងបិរស្ថាន ពិចារណាលើការធ្វើនិរាករណ៍គម្រោងវិនិយោគដែលទទួលបានគោលការណ៍អនុញ្ញាតឱ្យអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ តែមិនមានសកម្មភាព ដើម្បីយកទីតាំងដែលមានសក្តានុពលទាំងអស់ត្រឡប់មកវិញ ទុកជូនក្រុមហ៊ុន ឬវិនិយោគិនដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ក្នុងគោលដៅចូលរួមលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន និងធ្វើពិពិធកម្មវិនិយោគិននៅក្នងខេត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងទៅ ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវពង្រឹង និងពង្រីកនៅតាមមូលដ្ឋានភូមិឃុំដោយកែច្នៃទៅជាតំបន់ទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោដើម្បី ជួយដល់សហគមន៍ដើម្បីការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ៕