ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ភារៈកិច្ចនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រកាលពីពេលកន្លងទៅថ្មីៗនេះ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ អត្តពលិកលើវិញ្ញាសារលើកទម្ងន់ធ្ងន់ គង់ សិលា បន្តទទួលបានការជួយឧបត្ថម្ភបន្ថែមពីលោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group នូវថវិកាចំនួន ៤លានរៀល ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះ។
លោកជំទាវ អ៊ាត ណារី តំណាងលោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍សំណេះសំណាល និងសួរសុខទុក្ខពីការតស៊ូ និងភាពលំបាកក្នុងជីវភាពរបស់អត្តពលិក គង់ សិលា ដែលបង្ហាញពីការអាណិតអាសូរ និងបន្តចូលរួមលើកទឹកចិត្តដល់លោក និងក្រុមគ្រួសារបន្តជំនះភាពលំបាកដើម្បីក្រុមគ្រួសារទៅថ្ងៃអនាគត។
គួររំលឹកផងដែរថា អត្តពលិក កីឡាករ គង់ សិលា បានឈ្នះមេដាយមាសចំនួន២សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ លើវិញ្ញាសាលើកទម្ងន់ធ្ងន់ ១០៧គីឡូក្រាម នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ពាក់ព័ន្ធទៅនឹងការភ្ជាប់ខ្លួននៅក្នុងវិស័យកីឡានេះគឺផ្តើមចេញពីទឹកចិត្តស្រឡាញ់ និងជំនះលើពិការភាពរបស់ខ្លួន គង់ សិលា ដែលធ្លាប់រស់នៅក្នុងជំរុំនាទឹកដីខេត្តបាត់ដំបង បានតាំងចិត្តហ្វឹកហាត់លើវិញ្ញាសារលើកទម្ងន់ក្នុងឆ្នាំ២០១៩ និងធ្លាប់បានចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ដើម្បីដណ្តើមកិត្តិយសជូនជាតិកម្ពុជា។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ គង់ សិលា បានដណ្តើមមេដាយមាសរហូតដល់២ម្នាក់ឯងសម្រាប់កម្ពុជា។
ងាកទៅខ្សែជីវិតពិតនៅពីក្រោយភាពជោគជ័យ និងភាពល្បីល្បាញនៃកេរ្តិ៍ឈ្មោះក្នុងនាមជាអត្តពលិកកម្ពុជាដែលអាចមានសមត្ថភាពដណ្តើមបានមេដាយមាសចំនួន២ជូនកម្ពុជានាពេលកន្លងទៅថ្មីៗនេះ លោក គង់ សិលា ក៏មានបន្ទុកធ្ងន់ធ្ងរទទួលខុសត្រូវចំពោះជីវភាពគ្រួសារផងដែរ ដោយមានម្តាយចាស់ជរាមានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនសម្រាកព្យាបាលនៅលើគ្រែ និងមានកូនស្រីតូចកំពុងបន្តការសិក្សា។ ប្រភពចំណូលប្រចាំថ្ងៃរបស់លោកបានពីមុខរបរជាអ្នករត់ម៉ូតូកង៣ពេលយប់ ដែលអាចប្រឈមទៅនឹងហានិភ័យ៕