ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥ % នៃគម្រោងទាំងមូល ខណៈ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ។ នេះ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពដដែលនេះបន្តថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ ។
គម្រោងស្ពានេះ ជាការវិនយោគដោយក្រុមហ៊ុន OCIC អភិវឌ្ឍគម្រោងកោះនរា ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភណ្ឌភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម ។
ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ 38 លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕