ភ្នំពេញ ៖ ផ្លូវខេត្តលេខ 146B និង ផ្លូវខេត្តលេខ148 ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណ 76 លានដុល្លារ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ដល់សេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ ពិសេសតភ្ជាប់ជាមួយផ្លូវជាតិលេខ4 ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង 37ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវខេត្តលេខ 146B មានឈ្មោះផ្លូវការថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស និងប្រវែង 20,67 គ.ម។ ផ្លូវនេះមានចំណុចផ្តើម នៅកន្លែងបំបែកផ្លូវជាតិត្រង់គ.ម 178+165 ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ និងចំណុចបញ្ចប់៖ រង្វង់មូលស្ទឹងហាវ ភូមិ1 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
ផ្លូវខេត្តលេខ 148 មានឈ្មោះផ្លូវការថា តីរវិថីសម្តេចតេជោ ហ៊ុន សែន និងប្រវែង 22,34 គ.ម។ ផ្លូវនេះមានចំណុចផ្តើមនៅ រង្វង់មូលស្ទឹងហាវ ភូមិ1 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងចំណុចបញ្ចប់៖ ប្រសព្វ ផ.ជ4 ត្រង់ គ.ម 225+550 កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ផ្លូវខេត្តលេខ 148 បានបើកការដ្ឋានសាងសង់នៅ 29/សីហា/2019 និងសម្ពោធឱ្យប្រើប្រាស់៖ 22/ធ្នូ/2022។ ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងអង្គភាពត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវនេះបានប្រើប្រាស់ថវិកាសាងសង់សរុបជាង 76 លានដុល្លារអាមេរិក ដែលមកបីប្រភពថវិកា ៖ កញ្ចប់ថវិកាសន្សំជាតិ។
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ4 ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង 37 ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕