ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណជាង៥០គីឡូម៉ែត្រដោយប្រើប្រាស់ថវិកាសរុបអស់ប្រមាណ៤៦០លានដុល្លារអាមរិក បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោបានមានប្រសាសន៍ថា ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់ផ្លូវលេខ២១A ផ្លូវជាតិលេខ២ លេខ៣ និងបញ្ចប់នៅផ្លូវជាតិលេខ៤ ហើយបន្តភ្ជាប់ទៅវិថីឈ្នះឈ្នះ កាត់ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅលេខ៦ ។ ផ្លូវនេះដែរ គឺមានស្ដង់ដារមិនខុសពីផ្លូវល្បឿនលឿនប៉ុន្មានទេ គ្រាន់តែផ្លូវនេះមិនអាចបើកបរលឿនដូចផ្លូវល្បឿនលឿនបាន ។

សម្ដេចតេជោមានប្រសាសន៍ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ យើងបានចំណេញច្រើនណាស់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ដែលអាចចំណេញបាននូវស្ពានឆ្លងកាត់ទន្លេមួយចំនួន ហើយពលរដ្ឋរស់នៅកោះអន្លង់ចិនក៏អាចឆ្លងកាត់ស្ពានតាមផ្លូវក្រវាត់ក្រុងទី៣នេះ ។

សម្ដេចតេជោបន្តថា ផ្លូវនេះ គឺជាផ្លូវដែលចំណាយខ្ពស់បំផុត ជាក់ស្ដែងផ្លូវនេះមានប្រវែងតែជាង៥០គីឡូម៉ែត្រ តែចំណាយសរុបដល់ទៅ ៤៦០លានដុល្លារអាមេរិក ក្នុងនោះចំណាយសម្រាប់ខាងផ្នែកពីមិត្តចិន មានចំនួនប្រមាណ២៦០លានដល្លារអាមេរិក ដូច្នេះ ខាងកម្ពុជាត្រូវចេញថវិកាប្រមាណ២០០លានដុល្លារអាមេរិក ។ ក្នុងចំណោមថវិកាដែលកម្ពុជាបានចេញប្រមាណ២០០លានដុល្លារនោះ គ្រាន់តែដោះស្រាយផលប៉ះពាល់ត្រូវប្រើប្រាស់ថវិកាអស់១២៣លានដុល្លារអាមេរិក ។ ចំណាយសម្រាប់ទិញដីនិងដំណើរការប្រមាណ៣០លានដុល្លារអាមេរិក ការងារបោសសម្អាតមីនអស់តែជាង៧០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ និងកិច្ចនសន្យាប្រមាណ១៣លានដុល្លារអាមេរិក និងថវិកានៅសេសសល់គឺសម្រាប់អាករនានា ។

សម្ដេចបន្ថែមថា បើសិនជាយើងគ្មានថវិកាគ្រប់គ្រាន់ទេ យើងប្រាកដជាគ្មានលទ្ធភាពអនុវត្តគម្រោងទាំងឡាយបើទោះជាគម្រោងនោះ ជាគម្រោងជំនួយឥតសំណងក្ដី ឬគម្រោងដែលយើងទទួលកម្ចីពីបរទេសក្ដី ។

ជាមួយគ្នានេះ សម្ដេចបានកោតសរសើរដល់ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានសន្សំថវិកាក្នុងការអភិវឌ្ឍគម្រោងនានា ជាពិសេសគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះផ្ទាល់តែម្ដង ។

សម្ដេចបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះនឹងជួយសម្រួលចរាចរណ៍សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ទីក្រុងភ្នំពេញ អាចបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ៕