ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣នេះ ថ្វីត្បិតតែស្ថានភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់ប្រសើរដូចកាលមុនឆ្នាំ២០២០ក្ដី តែបើក្រលេកទៅមើលតម្លៃដី និងអចលនទ្រព្យផ្សេងៗទៀត ជាពិសេសតម្លៃលំនៅឋានក្នុងប្រទេសកម្ពុជានៅតែរក្សាបានលំនឹងល្អ និងមានកំណើនបន្ថែម ជាក់ស្ដែងតម្លៃលំនៅឋានក្នុងប្រទេសកម្ពុជាក្នុងឆមាសទី១ ឆ្នាំនេះ មានការកើនឡើងប្រមាណ ៦,៤ភាគរយ ធៀបនឹងឆមាសទី១កាលពីឆ្នាំមុន ។
របាយការណ៍មួយដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាបានបង្ហាញថា តម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានកើនឡើងប្រមាណ៦,៩ភាគរយក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២កន្លងទៅ ខណៈតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេងក៏បានកើនឡើងប្រមាណ ៥,៣ភាគរយ។
បើក្រលេកទៅមើលការទិញ-លក់លំនៅឋានក្នុងឆមាសទី១ឆ្នាំនេះឃើញថា មានការថមថយគួរឱ្យកត់សម្គាល់ ប៉ុន្តែម្ចាស់បុរី និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតដោយមិនបញ្ឈប់ឡើយ។ ផ្ទះនៅតាមបុរីមួយចំនួនត្រូវបានមើលឃើញថាបានដាក់លក់ ឬជួលព្រោងព្រាត ដោយកត្តាពីរសំខាន់ៗ ក្នុងនោះទី១ ដោយសារតែម្ចាស់ផ្ទះមានផ្ទះច្រើនកន្លែង ដូច្នេះពួកគេត្រូវការលក់ ឬជួលដើម្បីបានចំណូលមកផ្គត់ផ្គង់ក្នុងមុខជំនួញ ឬគ្រួសារ, ទី២ ជាម្ចាស់ផ្ទះដែលទិញបង់រំលស់ តែពួកគេមិនមានលទ្ធភាពបង់ក៏លក់ផ្ទះនោះវិញ ដោយតម្លៃទាបជាងទីផ្សារ ប៉ុន្តែសូមបញ្ជាក់ថា ថ្វីត្បិតតែម្ចាស់ផ្ទះមួយចំនួនលក់ផ្ទះក្រោមទីផ្សារក៏មិនត្រូវចាត់ទុកថាតម្លៃផ្ទះជាទូទៅធ្លាក់ចុះនោះទេ។
អ្នកជំនាញអចលនទ្រព្យ និងអ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា ឆ្នាំ២០២៣នេះ សកម្មភាពនៃការដោះដូរផ្ទះមិនសូវមានទេ ក្នុងនោះដែរ គេឃើញថាអ្នកលក់ផ្ទះមានច្រើនជាងអ្នកដើរទិញផ្ទះ ហើយអ្នកដែលមានផ្ទះត្រូវលក់ ដើម្បីឱ្យឆាប់ដាច់ត្រូវលក់ក្រោមទីផ្សារ២០ ទៅ ៣០ភាគរយ និងមានផ្ទះខ្លះទៀតដាក់លក់ក្រោមទីផ្សាររហូតដល់៥០ភាគរយទើបអាចលក់បាន។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនាពេលថ្មីៗនេះថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា បានមើលឃើញថានៅតែមានកំណើនខ្ពស់ ស្របនឹងពលរដ្ឋរស់នៅភ្នំពេញជាច្រើនមិនទាន់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅឡើយ ដូច្នេះនៅពេលពួកគេរៀបការ ឬមានប្រាក់ចំណូលល្អប្រសើរឡើងវិញ ពួកគេនឹងស្វែងរកទិញផ្ទះដើម្បីស្នាក់នៅ។
ឯកឧត្តមបានបន្តលើកឡើងថា ប្រជាពលរដ្ឋរស់នៅភ្នំពេញភាគច្រើននៅជួលផ្ទះគេស្នាក់នៅ ហើយពួកគាត់ទាំងនេះសុទ្ធតែជាអតិថិជនដែលត្រូវទិញផ្ទះនៅពេលណាមួយ ដោយពួកគេមិនអាចរស់នៅដោយជួលផ្ទះគេមួយជីវិតនោះឡើយ។ យ៉ាងណាក្ដី តម្រូវការលំនៅឋានក៏វាអាស្រ័យលើអតិថិជនផងដែរ តំបន់ខ្លះគេអភិវឌ្ឍន៍ទៅលើលំនៅឋានតម្លៃខ្ពស់ តំបន់ខ្លះទៀតគេអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប និងមធ្យម៕