ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា កាលពីពេលថ្មីៗនេះបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ នៅលើពិភពលោកផ្តោតលើវិស័យទូទាត់។
ការទទួលស្គាល់នេះ បានបង្ហាញពីសមិទ្ធផលយ៉ាងពិសេសនៅក្នុងឆ្នាំ២០២៣ របស់ធនាគារ វីង ដែលបានពង្រីកសមត្ថភាពបានយ៉ាងល្អ ក្នុងនាមជាស្ថាប័នបង្កើតបាននូវភាពច្នៃប្រឌិតថ្មីៗក្នុងការរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ពានរង្វាន់ដែលប្រគល់ដោយក្រុមហ៊ុនម៉ាស្ទ័រកាត បានទទួលស្គាល់ប្រតិបត្តិការដ៏ឆ្នើមរបស់ធនាគារ វីង ជាមួយនឹងពានរង្វាន់បីប្រភេទផ្សេងៗគ្នារួមមាន៖ ពានរង្វាន់ First Launch in the Market ពានរង្វាន់ Leadership in Debit Volume និងពានរង្វាន់ Innovation Breakthrough។ ការអបអរសាទរពីសមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ វីង ចំពោះភាពច្នៃប្រឌិត ការធ្វើបរិវត្តកម្មសេវាធនាគារឌីជីថល និងផ្តល់សេវាកម្មប្រកបដោយគុណតម្លៃខ្ពស់ទៅដល់អតិថិជនរបស់ខ្លួន។ ការប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងកម្មវិធីការជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
លោក ហាង ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា ការទទួលបានពានរង្វាន់ទាំង៣នេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃក្រុមការងារពោពេញដោយទេពកោសល្យរបស់យើង ដែលតែងតែបន្តការខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយអាចទទួលបាននូវលទ្ធផលលេចធ្លោដូចដែលសម្រេចបាននាពេលនេះ។ យើងត្រូវបានជំរុញលើកទឹកចិត្តបន្តនូវការសម្របខ្លួនក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ហើយអាចង្កើតបានជាដំណោះស្រាយដែលធ្វើឲ្យប្រតិបត្តិការធនាគារកាន់តែសាមញ្ញ ឆ្លាតវៃ និងបង្កលក្ខណៈងាយស្រួលទៅដល់អ្នកប្រើប្រាស់គ្រប់រូប។
ចាប់តាំងពីបង្កើតភាពជាដៃគូសហការជាមួយក្រុមហ៊ុនម៉ាស្ទ័រកាត ក្នុងឆ្នាំ២០១៨ កន្លងមក ធនាគារ វីង បានក្លាយជាគ្រឹះស្ថានមុខគេក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបដល់អតិថិជនរបស់ខ្លួន។ តាមរយៈម៉ាស្ទ័រកាតអនឡាញរបស់ធនាគារ វីង អតិថិជនទទួលបានសេវាទូទាត់ដ៏ធំទូលាយប្រកបដោយសុវត្ថិភាព និងងាយស្រួល។ ការប្រើប្រាស់កម្មវិធី Wing Bank App ម្ចាស់ប័ណ្ណអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនី ហើយថែមទាំងអាចទិញទំនិញតាមអនឡាញនៅក្នុងប្រទេស និងក្រៅប្រទេសយ៉ាងងាយស្រួល នៅតាមហាងដែលមានបិទឡូហ្គោម៉ាស្ទ័រកាត។
ការយកចិត្តទុកដាក់របស់ធនាគារ វីង ចំពោះនិរន្តរភាពក៏ត្រូវបានយកចិត្តទុកដាក់ជាសំខាន់ផងដែរ។
ជាក់ស្តែងនៅឆ្នាំ២០២២ ធនាគារ វីង បានដាក់ឲ្យដំណើរការនូវកាតឌីជីថលដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និងកាតដែលគ្មានលេខ ដោយបានផលិតចេញពីសារធាតុងាយរលាយមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់កាតឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ វីង។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងជំរុញនិរន្តភាពអនាគតកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត។
កាតឥណពន្ធម៉ាស័្ទរកាតរបស់ធនាគារ វីង ផ្តល់ជូនម្ចាស់ប័ណ្ណបង្កើនភាពបត់បែនក្នុងការទូទាត់ ខណៈពេលដែលជំរុញការការប្រើប្រាស់ឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយនឹងការគាំទ្របច្ចេកវិទ្យាដែលផ្តល់នូវសុវត្ថិភាពឈានមុខគេក្នុងឧស្សាហកម្មរបស់ម៉ាស្ទ័រកាត ព្រមទាំងបណ្តាញទូទាត់ដែលលាតសន្ធឹងទៅកាន់ ២១០ប្រទេស អ្នកប្រើប្រាស់កាតនេះនឹងអាចធ្វើប្រតិបត្តិការ នៅតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតដោយរលូន ហើយអាចទុកចិត្តបានថាការធ្វើប្រតិបត្តិការទិញរបស់ពួកគេមានសុវត្ថិភាព។
កាតឥណពន្ធ ដែលភ្ជាប់ជាមួយគណនីរបស់ធនាគារ វីង នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង និងត្រួតពិនិត្យប្រវត្តិប្រតិបត្តិការ និងសមតុល្យរបស់ពួកគេប្រកបដោយសុវត្ថិភាពតាមរយៈកម្មវិធី Wing Bank App បានដោយងាយស្រួល និងមិនពឹងផ្អែកទាំងស្រុងលើព័ត៌មានលម្អិតដែលបង្កប់នៅលើកាតរូបវ័ន្តនោះឡើយ។
ពានរង្វាន់ទាំងនេះមិនត្រឹមតែទទួលស្គាល់ពីសមិទ្ធផលជាទីមោទនរបស់ធនាគារ វីង ប៉ុណ្ណោះទេ ថែមទាំងពង្រឹងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុទំនើបៗបន្ថែមទៀត ដែលឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជននៅកម្ពុជា។ ការយកចិត្តទុកដាក់របស់ធនាគារ វីង ចំពោះនវានុវត្តន៍ និរន្តរភាព និងការផ្តោតលើអតិថិជន បង្កើតបានជាគំរូស្តង់ដារឧស្សាហកម្មថ្មីមួយ និងជាកត្តាលីករជំរុញវឌ្ឍនភាពសម្រាប់វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា៕