ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និង មិត្តជប៉ុន កំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ ((The Regional Port) និង បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន(Cambodia-Japan Special Economic Zone) ។
ដើម្បីអនុវត្តគម្រោងការនេះ គាភីកម្ពុជា និងជប៉ុន កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៣ បានពិភាក្សាលើវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ដែល ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីជប៉ុនដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯក អគ្គ រាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
កិច្ចប្រជុំអន្តរក្រសួងនេះដែរ ក៏មានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា៖អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖ (១) ការពង្រីកវិសាលភាព កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់ សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជា ឱ្យបាន ច្រើន។
ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។ ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគ បញ្ចូលគ្នានូវផែនការ មេ សំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និង ពិភពលោក៕