ភ្នំពេញ ៖ យោងតាមការផ្សព្វផ្សាយរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសរយៈពេល១០ឆ្នាំខាងមុខ ដោយគិតពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០៣៣ កម្ពុជាគ្រោងនឹងអភិវឌ្ឍន៍ផ្លូវដែកទូទាំងប្រទេសចំនួន ៨គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគប្រមាណជាង១០ពាន់លានដុល្លារអាមេរិក ។
នៅក្នុងបញ្ជីគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា គម្រោងផ្លូវដែកទាំង៨ ដែលកម្ពុជាគ្រោងអភិវឌ្ឍន៍ត្រូវបែងចែកជាពីរ គឺគម្រោងក្នុងរយៈពេលខ្លី និងមធ្យម គិតពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ និងគម្រោងរយៈពេលវែងគិតពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣៣ ។
ក្នុងគម្រោងរយៈពេលខ្លី និងមធ្យម កម្ពុជាត្រូវអភិវឌ្ឍន៍គម្រោងផ្លូវដែកចំនួន៤ ដែលត្រូវការថវិកាប្រមាណ ៣,៨ពាន់លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែង មានចំនួន ៤គម្រោង ត្រូវការថវិកាចំនួន ៦ ២១០លានដុល្លារអាមេរិក ។
បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវដែកសំខាន់ៗចំនួន ២ខ្សែ គឺមួយខ្សែតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ និងមួយខ្សែទៀតតភ្ជាប់ពី ភ្នំពេញទៅប៉ែកខាងជើងនៃប្រទេស ដោយខ្សែទាំងពីរនេះ ភាគច្រើនប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ ខណៈដែលរថភ្លើងសម្រាប់ដឹកអ្នកដំណើរមានការគាំទ្រតិចតួចប៉ុណ្ណោះ។
នៅក្នុងផែនការ រាជរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងក្នុងការលើកកម្ពស់ផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីសម្រួល និងពន្លឿនដល់ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមផ្លូវដែក ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ និងមន្ត្រីជំនាញសិក្សាលើការអភិវឌ្ឍផ្លូវដែក ដោយកែប្រែផ្លូវដែកដែលមានស្រាប់ ដែលរត់ក្នុងល្បឿនត្រឹម ២០គីឡូម៉ែត្រទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន និងអាចតភ្ជាប់ទៅផ្លូវរថភ្លើងនៅប្រទេសជិតខាង ។
គួរបញ្ជាក់ថា ផ្លូវដែកទាំង២ខ្សែដែលកំពុងដំណើរការ រួមមាន ៖ ផ្លូវដែកភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ហើយត្រូវបានសាងសង់ និងដំណើរការចន្លោះឆ្នាំ ១៩២៩ ដល់ ១៩៤២ ។ ផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ១៩៦០ ដល់ ១៩៦៩ និងមានប្រវែងសរុប ២៦៤ គីឡូម៉ែត្រ ក្នុងនោះ ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group ជាអ្នកគ្រប់គ្រង និងដំណើរការផ្លូវដែកក្រោមការវិនិយោគសម្បទាន ។
ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានផ្លូវល្បឿនលឿន ផ្លូវទឹក ( ផ្លូវសមុទ្រ និងផ្លូវទឹកសាប ) ដែលអាចឱ្យនាវាធំៗចូលចត និងលើកដាក់ទំនិញបាន ។ ក្រៅពីនេះមានផ្លូវអាកាស ដោយមានអាកាសយានដ្ឋាន៣កំពុងដំណើរការ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិកងកេងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្រៅពីនេះ ក៏មានអាកាសយានដ្ឋានមួយចំនួនទៀតស្ថិតនៅដំណាក់កាលកំពុងសាងសង់ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល និង អាកាសយានដ្ឋានអន្តរជាតិ តារាសាគរខេត្តកោះកុងជាដើម ៕