ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿន ចំនួន ១១ គ្រឿង ពីប្រទេសជប៉ុន ហើយ កំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានបង្ហោះរូបភាព លើ ទំព័រហ្វេសប៊ុក ជាច្រើនសន្លឹក កាលពី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលបង្ហាញអំពីសកម្មភាពនៃការលើកដាក់ ដឹកជញ្ជូនក្បាល ម៉ាស៊ីនរថភ្លើងល្បឿនលឿន ទាំង ចំនួន ១១ គ្រឿង នៅ កំពង់ផែ មួយកន្លែងនៃ ប្រទេសជប៉ុនដើម្បីបន្តដឹកមកកាន់ប្រទេស កម្ពុជា សម្រាប់ផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋកម្ពុជា ជាប្រវត្តិសាស្ត្រថ្មីមួយទៀត។
តាមគេហទំព័រ Rail Travel Station បានឱ្យដឹង ថា ក្បាល រថភ្លើង ដឹក អ្នកដំណើរ ល្បឿនលឿន ម៉ាក KiHa 183 Series DMU ចំនួន ១១ គ្រឿងនេះ នឹងត្រូវ ដឹកជញ្ជូនពី តំបន់ហុកកៃដូ ទៅកាន់ប្រទេសកម្ពុជា ដោយបានចាកចេញ ពីកំពង់ផែ Hakodate នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ក្បាលរថភ្លើង ល្បឿន លឿន របស់ ជប៉ុន ម៉ាក KiHa 183 Series DMU នេះ ត្រូវបានគេដឹងថា អាចរត់បាន ល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា មានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែល ខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បាន ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៩ ដែលមានក្រុមហ៊ុនបរទេស និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បណ្តាក់ទុន រួមគ្នា។ លុះដល់ឆ្នាំ២០១៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាន ក្លាយជាម្ចាស់ភាគហ៊ុន តែមួយ ទាំងស្រុង មក ដល់ បច្ចុប្បន្ន។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្លាប់ បាន លើកឡើង ថា សព្វថ្ងៃផ្លូវដែកកម្ពុជា កំពុងរីកចម្រើន ហើយ ក៏ កំពុង ត្រូវការ ធនធានបន្ថែមទៀត។ ផ្លូវដែកកម្ពុជា បានចាប់ផ្តើមដំណើរការម្តងទៀតក្នុងឆ្នាំ២០១០ ចាប់តាំងពីពេលនោះ មក អ្នកឧកញ៉ាបានបណ្តាក់ទុនជាង ១០០លានដុល្លារ ហើយបានអភិវឌ្ឍផ្លូវដែកឱ្យមានលក្ខណៈដូចបច្ចុប្បន្ន។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ផ្លូវដែក គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់លោក ក្នុងការសម្រេចបាននូវ សេវាកម្ម ដឹកជញ្ជូន ដើម្បីជួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា៕
សូមជម្រាបថា ទូររថភ្លើងល្បឿនលឿននេះនិងបើកឱ្យដំណើរការខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ដោយរត់ក្នុងល្បឿន ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាប់ពីភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងប៉ោយប៉ែត។ ដោយបច្ចុប្បន្នរថភ្លើងដែរមានស្រាប់អាចរត់បានចម្ងាយ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណេះ ជាការសំខាន់ ការបំប្លែងផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវល្បឿនលឿន នឹងល្បឿនលឿនធុនស្រាល និងការសាងសង់បន្ថែមអាចជួយបង្កើនការតភ្ជាប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនទៅកាន់បណ្ដាលប្រទេសអាស៊ាន និងប្រទេសអាស៊ីអឺរ៉ុប៕