ភ្នំពេញ ៖ រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទៅកាន់បណ្ដាខេត្តមាត់សមុទ្រកាន់តែទំនើប និងកាន់តែសំបូរបែបដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងវិនិយោគិនទៅកាន់តំបន់សមុទ្រកាន់តែច្រើន។ ជាក់ស្ដែង រហូតមកដល់ពេលនេះ គេអាចធ្វើដំណើរទៅកាន់តំបន់សមុទ្រនាខេត្តព្រះសីហនុបានតាមរយៈផ្លូវជាតិដែលមានពីមុនមកស្រាប់ រួមមានដូចជា ផ្លូវជាតិលេខ៤, ផ្លូវល្បឿនល្បឿន និងផ្លូវដែកជាដើម ។
ដោយឡែកនៅពេលអនាគតឆាប់ៗនេះ ក្រោយគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចនោះ នឹងមានមធ្យោបាយធ្វើដំណើរថ្មីមួយទៀតទៅកាន់តំបន់សមុទ្រគឺតាមផ្លូវទឹក ដែលអាចតភ្ជាប់ពីភ្នំពេញ កណ្ដាល តាកែវ ទៅកាន់ខេត្តកែប កំពត និងខេត្តព្រះសីហនុ ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់សមុទ្រនឹងកាន់តែមានច្រើនសំបូរបែបបន្ថែមទៀត ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅពេលព្រែកជីកហ្វូណនតេជោសាងសង់រួច ប្រជាពលរដ្ឋកម្ពុជាដែលចង់ទៅលេង និងកម្សាន្តនៅបណ្ដាខេត្តជាប់សមុទ្រ ជាពិសេសខេត្តកែប និងកំពត នឹងមានជម្រើសធ្វើដំណើរច្រើន។ ពេលនោះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវជាតិដែលបានសាងសង់រួចរាល់ បងប្អូនអាចធ្វើដំណើរតាមរថភ្លើង ហើយបងប្អូនក៏អាចធ្វើដំណើរតាមផ្លូវទឹកតាមព្រែកជីករបស់យើង និងអាចចាត់ទុកថា ជាការជិះទូកកម្សាន្តតាមព្រែកថ្មីរបស់យើងផងដែរ ។
សម្ដេចធិបតីបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីបញ្ចប់មន្ទិលរបស់មហាជនទាំងក្នុង និងក្រៅប្រទេសដែលចោទសួរថា តើគម្រោងព្រែកជីកហ្វូណនតេជោអាចចេញជារូបរាងដែរទេ ។
ថ្មីៗនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីផែនការក្នុងការកសាងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែប រហូតដល់ខេត្តកោះកុង ប្របតាមឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាបង្កើតព្រឹត្តិការណ៍នានា រួមមាន ការជិះកង់ដើម្បីសប្បុរសធម៌ស្វែងរកថវិកាជួយគន្ធបុប្ផា និងមន្ទីរកុមារនានាផងដែរ ។
តាមរយៈមធ្យោបាយធ្វើដំណើរកាន់តែសំបូរបែប ការធ្វើដំណើរទៅកាន់តំបន់ឆ្នេរកាន់តែងាយស្រួល បាន និងកំពុងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកាន់តំបន់សមុទ្រដែលរួមមានកំពត កែប និងព្រះសីហនុ និងកោះកុង ក៏កាន់តែខ្លាំង ហើយនឹងធ្វើឱ្យតំបន់សមុទ្រកាន់តែមានការអភិឌ្ឍស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់យកតំបន់ឆ្នេរជាគោលដៅអភិវឌ្ឍន៍មួយ ៕