ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជានឹងចុះអនុស្សរណៈយោគយល់ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ហើយក៏នឹងជួបប្រជុំធុរកិច្ចជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតទំនាក់ទំនង និងជំរុញធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ វេទិកានេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមអតីតនិស្សិតខ្មែរមកពីសិង្ហបុរី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។
វេទិកាធុរកិច្ច នឹងជជែកពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្រៅពីការជជែកពិភាក្សា វេទិកានេះ ក៏នឹងរៀបចំជាជំនួបពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរផងដែរ៕