ភ្នំពេញ ៖ សេវាកម្មផ្គត់ផ្គង់អាផាតមិននៅក្នុងរាជធានីភ្នំពេញ គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៤ មានចំនួនសរុប ៤ ២០០យូនីត ហើយសម្រាប់ឆ្នាំ ២០២៤ទាំងមូល រំពឹងថាការផ្គត់ផ្គង់សេវាកម្មផ្នែកនេះអាចនឹងមានចំនួន៥០០យូនីតបន្ថែមទៀត ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ។
បើតាមរបាយការណ៍នេះបានបង្ហាញឱ្យដឹងថា តំបន់៣ដែលមានការផ្គត់ផ្គង់សេវាអាផាតមិន ឬមានអគារអាផាតមិនច្រើនជាងគេនោះ រួមមានតំបន់បឹងកេង តំបន់ចំការមន និងតំបន់ដូនពេញ ដោយតំបន់ទាំងបីមានការផ្គត់ផ្គង់រហូតដល់៨២ភាគរយទៅហើយនៃអាផាតមិនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ បើតាមរបាយការណ៍នេះបានបង្ហាញថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់អាផាតមិនមានច្រើនជាងតម្រូវការរួចទៅហើយ ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE បានបង្ហាញថា អាផាតមិនកម្រិត A មានតម្លៃជួលចន្លោះពី១០ដុល្លារអាមេរិកទៅ ជាង៤០ដុល្លារអាមេរិក តែជាមធ្យមស្ថិតនៅក្នុងតម្លៃ ២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈកម្រិតBមានតម្លៃចន្លោះពី ៦ដុល្លារអាមេរិកទៅ ជាង៣០ដុល្លារអាមេរិក ដោយជាមធ្យមស្ថិតនៅក្នុងតម្លៃប្រមាណ១៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ។ តម្លៃនេះបើតាមការប្រៀបធៀបនឹងតម្លៃនៅក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះចន្លោះពី ៣ ទៅ ៦ភាគរយ តែបើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ឃើញថាមានការកើនឡើងតិចតួច ។
ស្របពេលដែលការផ្គត់ផ្គង់កំពុងមាននិន្នាការកើនឡើងច្រើនជាងតម្រូវការ អ្នកជំនាញមើលឃើញថា វិស័យអចលនទ្រព្យនិយាយជារួម និងទីផ្សារអាផាតមិនក៏ដូចជាខុនដូ មិនទាន់មានគម្រោងថ្មីៗនោះទេ ប៉ុន្តែត្រូវការអ្នកវិនិយោគ ឬត្រូវការអតិថិជនមកទទួលសេវាក៏ដូចជាទិញខុនដូដែលកំពុងមានការផ្គត់ផ្គត់លើសតម្រូវការ ហើយក៏ត្រូវការវិនិយោគិនចូលមកវិនិយោគលើគម្រោងមួយចំនួនដែលកំពុងជាប់គាំងផងដែរ ។