ភ្នំពេញ ៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយវិវាទដីធ្លីសរុបទូទាំងប្រទេសបានចំនួន ១៣ ៣២៩ករណីស្មើនឹងប្រមាណ ៨៥,២១ភាគរយនៃករណីវិវាទសរុបចំនួន ១៥ ៦៤២ករណី ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ការដោះស្រាយបញ្ចប់វិវាទទាំងនេះ ត្រូវបានអនុវត្តក្នុងយន្តការដែលមានស្រាប់ រួមមានគណៈកម្មការសុរិយោដី អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ ។
ក្រសួងបានបញ្ជាក់ថា វិវាទទាំងនោះស្ដែងឡើងក្នុងរូបភាពជាប្រភេទការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នាសំណើរសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សុំណើសុំចាត់មន្ត្រីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណវិវាទ មិនស្គាល់ព្រំដី និងច្រលំភូមិសាស្ត្រ វិវាទដីជាន់ប្លង់ ហេដ្ឋារចនាសម្ព័ន្ធនិងការរំលោភលើដីចំណីសាធារណៈជាដើម ។
ជាមួយគ្នានេះ ក្រសួងបាន និងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ និងរៀបចំផែនការប្រើប្រាស់ដីឱ្យស្របតាមសក្តានុពលនៃភូមិសាស្រ្ត និងធនធានធម្មជាតិ ។
បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបន្តព្យាយាមដោះស្រាយវិវាទដីធ្លី ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់ដោយសន្តិវិធី ។
គួររំលឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាធ្លាប់បានលើកឡើងថា វិវាទដីធ្លីចាប់ផ្ដើមកើនឡើងនៅពេលដីឡើងថ្លៃ ឬស្រុកទេសមានសន្តិភាព ។ កាលពីសម័យប៉ុលពត ឬសម័យសង្គ្រាម គ្មានអ្នកណាចង់បានដីទេ ម្នាក់ៗសុំត្រឹមតែមួយរស់ ទោះបីអ្នកណាយកដីក៏យកចុះ ប៉ុន្តែនៅពេលស្រុកមានសន្តិភាព ជាពិសេសដីធ្លីចាប់ផ្ដើមឡើងថ្លៃ ក៏មានអ្នកចង់បានដីកាន់ច្រើន និងធ្វើឱ្យទំនាស់ដីធ្លីកាន់តែកើនឡើង ។
សម្ដេចតេជោក៏ធ្លាប់បានស្នើសុំឱ្យមន្ត្រីទាំងអស់ព្យាយាមដោះស្រាយទំនាស់ដីធ្លីនេះក្រៅប្រព័ន្ធតុលាការ ដើម្បីឈ្នះ ឈ្នះ ទាំងអស់គ្នា និងព្យាយាមគេចឱ្យបាននូវការប្ដឹងផ្ដល់គ្នាឡើងតុលាការ ៕