ភ្នំពេញ ៖ គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងអាណត្តិ​ទី​៧​ នៃរដ្ឋសភា បាន​ជំរុញឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ​បន្តចុះបញ្ជី​ដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យ​បានចប់​សព្វ​គ្រប់​នៅក្នុងអាណត្តិ​ទី៧​នេះ ហើយក្រុមការងារ​ក្រសួង​ក៏បាន និងកំពុង​ពន្លឿនការ​ចុះបញ្ជីនេះ​យ៉ាងសកម្ម​ ដើម្បី​បញ្ចប់ទៅតាម​ផែ​ន​ការ​របស់រាជរដ្ឋាភិបាល ។​ តើការ​ចុះបញ្ជី​ដីធ្លី​បាន​ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់​ពលរដ្ឋ និង​រាជ​រដ្ឋា​ភិបា​ល​ ?​

បើតាម​ឯកឧត្តម ​សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ បានបង្ហាញពី​អត្ថ​ប្រយោជន៍​នៃការ​ចុះបញ្ជីធ្លី​​ជូន​ដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន​ ដោយក្នុងនោះ​ឯកឧត្តម​បាន​មាន​ប្រ​សាសន៍ថា​ ការ​ចុះវាស់វែង​ដីនេះ គឺមាន​សារ​សំខាន់​ណាស់​ ជាក់ស្ដែង​ ទី១​.ផ្ដល់កម្មសិទ្ធិជូន​ប្រជាជន​ដែល​មិន​ទា​ន់មាន​បណ្ណ​កម្មសិទ្ធិលើ​ដីធ្លីរបស់ខ្លួន, ទី២. បញ្ចប់​វិវាទ​ ឬទំនាស់ដីធ្លី​រវាងប្រជាជន​ និងប្រជាជន​ ពីព្រោះ​ថា​ការ​ចុះបញ្ជី​នឹង​ទទួល​បានបណ្ណ​កម្មសិទិ្ធដីធ្លី ដែល​វាបានបញ្ជាក់ថាដីនោះ គឺជា​កម្មសិទ្ធិរបស់អ្នកណា​ម្នាក់ ហើយ​នៅ​ពេល​ចុះវាស់​វែង និង​ចេញបណ្ណកម្មសិទ្ធិហើយនោះ គឹមិនអាច​តវ៉ា​ ឬមានវិវាទនឹង​គ្នា​បាន​ទៀត​ឡើយ​ ។

ឯកឧត្តម​បញ្ជាក់ថា​ ការ​ចុះវាស់វែងដីនេះ​ ក៏ជា​គោលនយោបាយ​ថ្មីមួយ​ដើម្បីបញ្ចប់​វិវាទ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ សូម្បីតែដីសាលា​រៀន ​និ​ងដីវត្ត ដែល​កន្លងមក​​នៅ​មាន​បញ្ហា​មិន​ដាច់ស្រេច​ ព្រោះថា​សា​លា​រៀន​​ខ្លះមានទីតាំង​នៅក្នុងវត្ត​ ដូច្នេះមិនអាចវែកញែកឱ្យដាច់ថា ជា​ដីរបស់វត្ត​ ឬដី​របស់សាលារៀន​។ មួយវិញ​ទៀត​​ ការ​ចុះបញ្ជីដីធ្លីក៏អាច​កំណត់​ថា​ដីណា​ជា​ប្រភេទដីកសិកម្ម ហើយដីណា​ជា​ប្រភេទដី​សម្រាប់​លំនៅ​ឋាន​ ​និងឧស្សាហកម្មដែរ ។ សម្រាប់​ការ​ចុះបញ្ជីដីធ្លីនេះដែរ ក្រសួងនឹងជំរុញឱ្យ​បញ្ចប់​ទាំង៧លានក្បាល​ដីនៅត្រឹមឆ្នាំ ២០៣០​ខាងមុខនេះ ។

ថ្មីៗនេះដែរ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាស​ថា ក្នុងការងារ​ចុះបញ្ជីដីធ្លីនេះ រដ្ឋ​ត្រូវ​ថវិកា​ប្រមាណ១១០​លានដុល្លារអាមេរិក ដើម្បីបញ្ចប់​ការ​វាស់វែង ​និងចុះបញ្ជីដីធ្លីដែ​ល​​​នៅសេសសល់​ចំនួន​៥លាន​ក្បាលដីទៀត ។ ការ​ចុះបញ្ជីដីធ្លីនេះដែរ​ នឹងអាច​បញ្ចប់បញ្ហា​វិវាទដែល​កើត​ឡើង​កន្លងមក​​ឱ្យដាច់​ស្រលះ ហើយក៏គ្រប់​គ្រង ​និងរៀបចំ​ការងារ​សុរិយោដីបាន​ល្អប្រសើរផងដែរ ។​

គួរ​បញ្ជាក់ថា គិតត្រឹម​ចុងខែមិថុនា ឆ្នាំ២០២៤​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះ​ស្រា​យប​ញ្ច​ប់​ក​រ​ណី​វិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣ ៣២៩​ ករណី លើ ១៥ ៦៤២ករណី ស្មើនឹង ៨៥,២១​ភាគ​រយ ។​ ការដោះស្រាយបញ្ចប់វិវាទទាំងនេះត្រូវបានអនុវត្តក្នុងយន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ ៕