(ភ្នំពេញ)៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម កម្ពស់ ២៨ ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលវិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបែបទំនើបនៅកម្ពុជា។
ពិធីសម្ពោធនេះ បានរៀបចំឡើង ក្រោមវត្តមាន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ថ្លែងនាឱកាសបើកសម្ពោធជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាសក្ខីភាពមួយដែលស្តែងចេញនូវចក្ខុវិស័យ ភាពច្នៃប្រឌិត។ វឌ្ឍនភាព និងភាពស្រស់ស្អាតនៃខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង និងមោទនភាពមួយដែលមិនអាចបំភ្លេចបាន។
អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ស្ថិតនៅក្នុងខណ្ឌទួលគោក ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ អគារនេះបានឈរត្រដែតស្កឹមស្កៃបង្ហាញពីការរចនា នៃភាពច្នៃប្រឌិតដ៏ស៊ីវីល័យ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏សម្បូរបែប។ គម្រោងនេះ មានតម្លៃប្រមាណជិត ១០០ លានដុល្លារ។
ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម បានចាប់ផ្តើមបើកកាដ្ឋានសាងសង់នៅថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៩ ។គម្រោងដ៏អស្ចារ្យមួយនេះ ត្រូវបានស្ថាបនាឡើងជាខុនដូ មាន៨៥១យូនីត និងផ្ទះអាជីវកម្មចំនួន៥០ផ្ទះ លាតសន្ធឹងលើផ្ទៃដីជាង១០ម៉ឺនម៉ែត្រការ៉េ ដែលមានកម្ពស់២៨ជាន់។ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម មានលក្ខណៈសំខាន់ៗ រួមមាន យូនីតប្រភេទស្ទូឌីយោ យូនីតប្រភេទមួយបន្ទប់ ពីរបន្ទប់ និងបីបន្ទប់ និងយូនីតប្រភេទ Penthouse មានបីបន្ទប់ និង៤បន្ទប់គេង។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអបអរសារទរចំពោះការបើកសម្ពោធជាផ្លូវការនៃ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម នាពេលនេះ ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លំនៅដ្ឋានទំនើប ដល់់ពលរដ្ឋកម្ពុជា ក៏ដូចជាផ្តល់នូវជម្រើសបន្ថែមដល់ភ្ញៀវបរទេស ដែលមានបំណងមកស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។ លើសពីនេះទៅទៀត វត្តមាននៃខុនដូ ក៏ជួយបង្កើនសម្រស់ដល់រាជធានីភ្នំពេញផងដែរ។
មានទីតាំងនៅលើផ្លូវ៣សំខាន់ៗប្រសព្វគ្នា នោះគឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប របស់សិង្ហបុរី។ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានឌីហ្សាញឡើងរួមបញ្ចូលទាំងពន្លឺព្រះអាទិត្យ និងលំហូរខ្យល់ និងផ្តល់នូវទេសភាពដោយគ្មានដែនកំណត់ទាំង៨ទិស។
ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាកម្មសន្តិសុខ ២៤ម៉ោង។ គម្រោងខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម ត្រូវរចនាឡើងដោយស្តង់ដារបស់ប្រទេសសិង្ហបុរី ដែលនាំមកនូវអ្វីថ្មីៗ ផ្ដល់នូវជាន់មួយទាំងមូលសម្រាប់តែគ្រឿងបរិក្ខារផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹកតាមវ័យ កន្លែងតារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារទេសភាព កន្លែងលេងកូនក្មេង ក្លឹបហាត់ប្រាណ កន្លែងរង់ចាំ VIP និងចំណតរថយន្តជាច្រើនជាន់។
ក្រៅពីនេះ ក៏មានផ្ដល់ជូនសួនច្បារលើអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅ ក្នុងការលំហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព៣៦០ដឺក្រេនៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រេនអន្តរជាតិ និងប្រេនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនមក។
ចំពោះព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ (099) 953 999 និងអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅដីឡូតិ៍ លេខ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសព្វផ្លូវ ៣សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ៕