ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP និង កិច្ចព្រមព្រៀងទ្វេភាគី(FTAs) ជាមួយចិន និងកូរ៉េ បានបង្កើតទីផ្សារដ៏ធំសម្រាប់កម្ពុជា និងការវិនិយោគ។
អ្នកឧកញ៉ា បានលើកឡើងបែបនេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង ដោយបានកត់សម្គាល់ថា បណ្តាញដ៏ធំទូលាយរបស់គម្ពុជា គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដូចជាបណ្តាប្រទេសអាស៊ាន ប្រទេសសមាជិក RCEP និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយជាមួយអេមីរ៉ាតអារ៉ាប់រួម ធានាបាននូវលទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ីសំខាន់ៗ ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងតំបន់ ហើយត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើនក្នុងនាមជាប្រទេសមួយដែលចង់សហការជាមួយអ្នកវិនិយោគក្នុងដំណើរឆ្ពោះទៅរកវិបុលភាពរួម។
ដោយសំដៅទៅដល់ធុរកិច្ចជន និងអ្នកវិនិយោគិនបារាំង អ្នកឧកញ៉ាបានបន្ថែមថា គួបផ្សំជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលចំពោះតម្លាភាព និងប្រសិទ្ធភាព កម្ពុជាផ្តល់នូវបរិយាកាសធុរកិច្ចដែលមានស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់ការវិនិយោគ។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាមជ្ឈមណ្ឌលផលិតកម្ម ដែលផ្តោតលើការនាំចេញជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដែលប្តេជ្ញាចិត្តចំពោះបរិយាកាសអាជីវកម្ម គោលនយោបាយដែលងាយស្រួលក្នុងការវិនិយោគ និងគោលការណ៍វិនិយោគ អនុវត្តតាមនីតិរដ្ឋ និងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា ៖
«យើងផ្តល់តម្លៃ និងផ្តល់អាទិភាពដល់វិនិយោគិន ដែលមានស្រាប់របស់យើង ខណៈដែលទាក់ទាញអ្នកវិនិយោគថ្មី ធានាបាននូវប្រព័ន្ធអេកូឡូស៊ីអាជីវកម្មដែលរីកចម្រើន និងគាំទ្រសម្រាប់ទាំងអស់គ្នា»។
ជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP និង FTAs កម្ពុជាមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការវិនិយោគពីបរទេស ដែលជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់ប្រទេស។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ដោយឡែកបើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និង ២០៦,៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤។
ទន្ទឹមនេះ ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕