ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលចំណាយថវិការាប់រយពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះដែរមានគម្រោងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ និងធំៗចំនួន៣ ដែលបាន និងកំពុងដំណើរការអភិវឌ្ឍន៍មានទឹកប្រាក់សរុបរហូតដល់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក និងសុទ្ធតែជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។
១. គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ – បាវិត ៖ គម្រោងនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី១ ភ្នំពេញ – ក្រុងព្រះសីហនុ ខណៈដែលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មួយខ្សែនេះមានតម្លៃប្រមាណ ១,៦៣ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះដែរ គឺជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រោះកម្ពុជាមិនទាន់មានផ្លូវល្បឿនលឿនដែលអាចតភ្ជាប់ទៅកាន់តំបន់ព្រំដែនអន្តរជាតិនៅឡើយ ហើយរាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ប្រមាណមួយឆ្នាំមកហើយ ។
២.គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ៖ គម្រោងនេះក៏ចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រដែរ ដោយសារតែកម្ពុជាមិនទាន់មានអាកាសយានដ្ឋានដែលមានស្តង់ដារធំបែបនេះ អាចឱ្យយន្តហោះខ្នាតធំៗចុះចតបាន ។ អាកាសយានដ្ឋាននេះគ្រោងចំណាយទឹកប្រាក់សាងសង់រហូតដល់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ដែលសព្វថ្ងៃ ក្រុមហ៊ុនសាងសង់បានចំណាយទឹកប្រាក់ប្រមាណជាង១១០០លានដុល្លារអាមេរិករួចទៅហើយ។ តាមផែនការ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោដំណាក់កាលទី១ នឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៥ខាងមុខនេះ ។
៣. គម្រោងព្រែកជីកហ្វូណនតេជោ ៖ គម្រោងព្រែកជីកហ្វូណនតេជោ បាន និងកំពុងមមាញឹកក្នុងការរៀបចំទីតាំងដើម្បីប្រារព្វពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ដោយគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ គម្រោងមួយនេះ ចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រមួយផងដែរ និងជាគម្រោងផ្លូវទឹកថ្មីរបស់កម្ពុជាតភ្ជាប់ពីទឹកសាបទៅកាន់សមុទ្រទឹកប្រៃរបស់កម្ពុជា ។ នៅពេលគម្រោងនេះសាងសង់រួចរាល់ កម្ពុជារំពឹងនឹងមានឯករាជ្យភាពខាងផ្លូវទឹក ដោយរាល់ទំនិញនាំចេញ-នាំចូលលែងពឹងលើផ្លូវទឹកប្រទេសជិតខាង (វៀតណាម)ដូចមុនទៀតហើយ ។ មិនតែប៉ុណ្ណោះ វាក៏ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដែលអាចស្រូវទាបទាញទេសចរអន្តរជាតិបានមួយកម្រិតទៀត។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១ ៧០០លានដុល្លារអាមេរិកសម្រាប់ដំណើរការសាងសង់ ។
តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗទាំង៣ អាចជួយឱ្យកម្ពុជាក្លាយជាប្រទេសកាន់តែទាក់ទាញលើការវិនិយោគ និងវិស័យទេសចរណ៍ ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូន ដែលធ្វើឱ្យការចំណាយលើការដឹកជញ្ជូនកាន់តែធ្លាក់ចុះទាប ៕