ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតគុណភាពផ្លូវសំខាន់ៗចំនួន៣ខ្សែរំពឹងថានឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះ ហើយនឹងអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ ។
បើតាមការប្រកាសពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវជាតិ៧១C ដែលតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ ប្រវែងជាង១១៤គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពាក់កណ្ដាលឆ្នាំ២០២៤នេះ ហើយប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ទាំងនោះអាចធ្វើដំណើរតាមផ្លូវនេះបានយ៉ាងរលូន។
តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ដែរថា ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន បាន និងកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់ សៀងហៃ គ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់ ។
ដោយឡែក ផ្លូវចំនួន២ខ្សែទៀតដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ រួមមានផ្លូវជាតិលេខ៣១ តភ្ជាប់ពីផ្លូវជាតិលេខ៣ត្រង់ចំណុចបែកគុសទៅកាន់ផ្លូវបំបែកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីស្រុកកំពង់ត្រាច ទៅកាន់ទីរួមខេត្តកំពតដោយកាត់ខេត្តកែបផងដែរ ។
ផ្លូវទាំងពីរខ្សែនេះ មានសារសំខាន់ណាស់ក្នុងការតភ្ជាប់ពីភ្នំពេញ-កណ្ដាល-កំពង់ស្ពឺ-តាកែវ ទៅកាន់ទឹកដីខេត្តតំបន់សមុទ្រ រួមមានកែប និងកំពត និងជាផ្លូវដឹកជញ្ជូនទំនិញយ៉ាងសំខាន់មួយទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ។
ផ្លូវនេះ នឹងក្លាយទៅជាផ្លូវដ៏សំខាន់មួយទៀតសម្រាប់បម្រើដល់ការងារដឹកជញ្ជូនទំនិញចេញចូលកំពង់ផែ តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះថាក្នុងគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងមានសង់កំពង់ផែរណបមួយចំនួន ជាពិសេសនៅក្នុងស្រុកអង្គរជ័យ បន្ទាយមាស និងមជ្ឈមណ្ឌលភស្តុភារកម្មនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតផងដែរ ។
បើតាមការអ្នកប្រកបរអាជីវកម្មទិញលក់ដីធ្លីមួយចំនួនបានលើកឡើងថា ទោះបីជាផ្លូវទាំងនេះបាងសងសង់រួចហើយក្ដី តែតម្លៃដីធ្លី និងសកម្មភាពទិញលក់ដីធ្លីនៅតំបន់តាមបណ្ដោយផ្លូវទាំងនោះមិនមានភាពមមាញឹកនោះទេ ពីព្រោះថាស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសនៅមិនទាន់អាចធ្វើឱ្យវិស័យដីធ្លីមានភាពប្រសើរដូចមុនកូវីដ១៩នៅឡើយ ។
គួរបញ្ជាក់ថា ស្របពេលដែលគម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួន បាន និងកំពុងពន្លឿនដើម្បីបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ ក៏មានគម្រោងមួយចំនួនទៀត រំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៤នេះ ក្នុងនោះរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំបើកការដ្ឋានគម្រោងផ្លូវ៥០C ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកា់ខេត្តកំពង់ធំផងដែរ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខេះ ៕