ភ្នំពេញ ៖ ក្នុងគោលបំណងស្វែងរកបញ្ហា​ប្រឈម និងដំណោះស្រាយ​របស់​អ្នកអភិវឌ្ឍន៍វិស័យសំណង់ ​និង​អច​ល​ន​ទ្រព្យ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់​ បានរៀបចំនូវកិច្ច​ប្រជុំ​ពិសេស​មួយ​​ ក្រោ​ម​​អធិប​តី​ភា​​ព​ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និ​ងជា​រ​ដ្ឋ​​ម​ន្ត្រី​ក្រសួ​​ង​រៀប​ចំ​ដែ​ន​​ដី នគរូបនីយកម្ម​ និងសំណង់ កា​ល​​​ពី​ថ្ងៃ​ទី​​២២ ខែកក្កដា ២០២៤​ នាទីស្ដីកា​រក្រសួង​ ។

នៅក្នុងកិច្ចប្រជុំនេះ តំណាង​វិស័យ​ឯកជន​ផ្នែកសំណង់​ និងអចលនទ្រព្យ​បាន​បង្ហាញ​ពីបញ្ហា​ប្រឈម​ដែលល​បានជួបប្រទះនាពេលកន្លងទៅ ក៏ដូចជា​ក្នុង​ពេល​បច្ចុប្បន្ន ជម្រាបជូនទៅកាន់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សា​ និង​ស្វែង​រក​​​ដំណោះស្រាយ ក៏ដូចជាស្នើ​សុំ​អន្តរាគមន៍​ពីសំណាក់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់។

ជាការឆ្លើយតប ឯកឧត្ត​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ បានផ្ដល់​នូវ​ដំណោះស្រាយ​ខ្លះៗជូន​អង្គពិធី និង​ជម្រាប​ជូន​លោក​អ្នកឧក​ញ៉ា អ្នក​ឧកញ៉ា ឧកញ៉ា និងដែលជា​អ្នកអភិវឌ្ឍន៍​ផ្នែកសំណង់​ និងអចលនទ្រព្យ តាមរយៈការអនុវត្តតាមវិធីសាស្ត្រសំខាន់ៗដែលពាក់ព័ន្ធមួយចំនួន ។

នៅក្នុងអង្គពិធីនោះដែរ ឯកឧត្តម​ តាន់ មុនីវណ្ណ​ តំណាង​វិស័យ​ឯកជន បានកោត​សរសើរ​ចំពោះ​សកម្មភាព​ និ​ងលទ្ធផល​ការងាររបស់​ក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម និងសំណង់ ​រយៈពេលជិត​១ឆ្នាំកន្លងមកនេះ ពោល​ គឺចាប់តាំងពីកកើត​ឡើងនូវ​រាជរដ្ឋាភិបាល​អាណត្តិថ្មីទី៧ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ស្នើ​សុំកិច្ច​សហការ​បន្ថែមទៀត​ជាមួយក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ ដើម្បី​ឱ្យកិច្ចការ​វិនិយោគ​កាន់តែមានភាព​ងាយស្រួល​បន្ថែមទៀត ។


ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​​បាន​ទទួល​យកសំណើរ​បស់​វិស័យ​ឯកជនដើម្បី​ពិចារណា ​​​និងសិក្សា​បន្ថែម ជាមួយនឹង​ជំរុញឱ្យក្រុមការងាររបស់​ក្រសួង និង​វិស័យឯកជន រៀបចំនូវ​ជំនួបពិភាក្សានេះ​ឱ្យបាន​ ៣ ទៅ ៤​ដង​ក្នុងមួយឆ្នាំ ឬយ៉ាងហោច​ណាស់​ ៣ខែម្ដង ដើម្បីស្វែងរក​បញ្ហា​ និងដំណោះស្រាយ​នានា​ ក្នុងគោលដៅជំរុញ​ការអភិវឌ្ឍលើវិស័យដីធ្លី អចលនទ្រព្យ និងសំណង់​ ​។​

គួរ​បញ្ជាក់ថា ​នៅក្នុងកិច្ច​ប្រជុំនោះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្ហាញនូវ​បទដ្ឋានគតិយុត្ត​មួយចំនួន​របស់ក្រសួង​ និងវឌ្ឍនភាពនៃការ​ចុះបញ្ជីដីធ្លី​បង្ហើយជូនដល់អ្នកចូលរួម​ក៏ដូចជា​ផែនការ​សកម្មភាព​របស់​ក្រសួង​ដែលនឹង​ត្រូវអនុវត្ត​បន្ត​នៅក្នុងឆមាសទី២ និង​ឆ្នាំបន្តបន្ទាប់ទៀត ៕