ភ្នំពេញ ៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា នៅត្រង់​បញ្ចកោណទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងទៅលើការគ្រប់គ្រង និងធ្វើទំនើបកម្ម​នគរូបនីយកម្ម។ ដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំ​ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវការងារអាទិភាពចំនួន៣គឺ «ការចុះបញ្ជី​ដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។

១. ការចុះបញ្ជីដីធ្លីបង្ហើយ ៖ ទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ក្រសួងបានធ្វើការងារជម្រះទិន្នន័យក្នុង​ផែនការ​៧លានក្បាលដី ការងារជំរុញការចុះបញ្ជីដីធ្លីបង្ហើយផែនការ ៥លានក្បាលដី ការងារចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ការចុះបញ្ជីដីបុរាណដ្ឋាន និងការងារចុះបញ្ជីដីបឹងទន្លេសាបទាំង ៦ខេត្ត។

យោងតាមឯកសាររបស់ក្រសួងដែនដី ក្បាលដីប៉ានស្មានដែលមិនទាន់បានចុះបញ្ជីមានប្រមាណ​ជាង ៥លានក្បាលដី ដែលត្រូវបញ្ចប់ការវាស់វែងក្នុងរយៈពេល២ឆ្នាំ (២០២៤-២០២៥)។

២. សេវាគាប់ចិត្ត ៖ សេវាគាប់ចិត្ត ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់សេវាសា​ធារណៈ ទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស។ ក្នុងនោះ ក្រសួងបាន​ផ្ដោតសំខាន់លើសេវាមួយចំនួនដូចជា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ (មនុស្ស ផ្លូវ ទឹក​ ភ្លើង បច្ចេកវិទ្យា) គោលនយោបាយច្បាប់ និងលិខិតបទដ្ឋាគតិយុត្ត សេវាសាធារណៈក្នុងវិស័យរៀបចំ​ដែនដី និងយុទ្ធសាស្ត្រក្នុងការរៀបចំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។

យ៉ាងណាមិញ ការសម្រេចបាននូវការងារអាទិភាពទី២នេះ គឺជាចំណែកដ៏ធំមួយក្នុងការលើកកម្ពស់​គុណ​ភាពសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី ដែលស្មើទៅនឹងការបង្កើនចំណូលមិនមែនសារ​ពើរពន្ធ បង្កើនទំនុកចិត្តពីប្រជាជន ព្រមទាំងផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធរវាងប្រជាពលរដ្ឋ និងរាជ​រដ្ឋាភិបាល។

៣. បរិយាកាសមិនមានវិវាទលើវិស័យដីធ្លី ៖ ត្រង់ចំណុចនេះ ក្រសួងបានកំណត់ឬសគល់នៃវិវាទ ដែលបណ្ដាលមកពីកត្តាធំៗរួមមាន ដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់បានច្បាស់លាស់ ខ្វះការយល់ដឹងផ្លូវច្បាប់ ការរៀបចំដែនដីពុំទាន់មានប្លង់គោលគ្រប់គ្រាន់ ការតាំងលំនៅឋានលើដីរដ្ឋ និងការបង្កើតចលនាតវ៉ាជាដើម។


ជាដំណោះស្រាយ ក្រសួងបានកំណត់គោលដៅ និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដូច​ជា៖ ការពន្លឿនការចុះបញ្ជីបង្ហើយនៅទូទាំងប្រទេសត្រឹមបំណាច់ឆ្នាំ ២០២៦ ការចុះបញ្ជីដីរដ្ឋ បង្កើនល្បឿនការងាររៀបចំដែនដី កែសម្រួលសមាសភាពគណៈកម្មការរៀបចំដែនដី រៀបចំប្លង់​គោល ជំរុញការងារលំនៅឋាន និងលុបបំបាត់ចលនាដីធ្លី៕