ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន ការដោះស្រាយវិវាទដីធ្លីបានជាង ១៣ ០០០ករណី ស្មើនឹងជិត ៩០ភាគរយនៃជម្លោះ ហើយនៅមានវិវាទតិចតួចប្រមាណជាង ២០០០ករណីទៀតកំពុងដោះស្រាយ។
របាយការណ៍ដដែលនេះបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីនេះចំនួន ១៥ ៦៤២ ករណី ដោះស្រាយបញ្ចប់បាន ១៣ ៦១៥ ករណី ដែលស្មើនឹង ៨៧,០៤% និងកំពុងបន្តដោះស្រាយចំនួន ២ ០២៧ករណី ជាពិសេសករណីដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅនៅខេត្តកោះកុង ជាករណីក្តៅជាច្រើនឆ្នាំហើយក្រសួងអាចដោះស្រាយសម្រេចបាន១០០%។
គួរកត់សម្គាល់ថា៖ ឬសគល់នៃវិវាទដែលជាកត្តាធំៗនាំឱ្យមានជម្លោះ រួមមានវិវាទដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់ច្បាស់លាស់ ខ្វះការយល់ដឹងអំពីផ្លូវច្បាប់ ការរៀបចំដែនដីលំនៅដ្ឋាន និងការបង្កើតឱ្យមានចលនាតវ៉ាដោយមានការញុះញង់នៅពីក្រោយក្នុងលេសនយោបាយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការដោះស្រាយវិវាទដីធ្លី គឺជារឿងសំខាន់ ដើម្បីឈានទៅរកការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ។ លទ្ធផលនៃការដោះស្រាយជម្លោះទាំងនេះ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុងនៅពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការងារចុះបញ្ជីដីធី្លគឺជាបញ្ហាមួយដ៏សំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើបញ្ហានេះ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះថា៖ «កម្ពុជាបានចុះបញ្ជីដីជាង ៧លានក្បាលដី និងនៅសល់ជាង៥លានក្បាលដីទៀត ដែលនៅឆ្នាំ២០២៩ នឹងចុះបញ្ជីឱ្យចប់សព្វគ្រប់នៅទូទាំងប្រទេស»៕