ភ្នំពេញ ៖ ថ្វីត្បិតតែនៅក្នុងឆ្នាំ២០២៤នេះ ​ទីផ្សារ​លំនៅឋានមិនទាន់មានភាពល្អប្រសើរ​ដូច​​គ្រាមុនវិបត្តិ​កូវីដ​១៩ ក៏ដោយ ប៉ុន្តែការ​វិនិយោគ​លើអនុវិស័យមួយនេះនៅតែបន្តមាន និងរួម​ចំណែក​ធ្វើឱ្យវិស័យសាងសង់ ក៏ដូចជាវិស័យសំណង់មានសកម្មភាពមិនស្ងប់ស្ងាត់នោះទេ។

យោងតាមក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដែលបានចេញផ្សាយពីរបាយការណ៍និន្នាការ​សេដ្ឋ​កិច្ចកម្ពុជា​កាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា​ ក្នុងរយៈពេល​៦ខែ​ក្នុងឆ្នាំ២០២៤​នេះ គម្រោ​ងលំ​នៅឋា​ន​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យសាងសង់​មានចំនួន ១ ៣៤៦​គម្រោង ក្នុងនោះមានគម្រោ​ង​បុរី​ចំនួន ១ ២៩៨ ​គ​ម្រោ​ង ​​​ខុនដូ ចំនួន៤៨​គម្រោង ។

បើតាមទិន្ន​ន័យដដែល​​នេះ​បានបង្ហាញ​ គម្រោង​លំនៅឋាន​ដែលទទួលបាន​ការអនុញ្ញាតសាងសង់​ក្នុង​រយៈ​ពេល ៦ខែកន្លងមកនេះ មានចំនួន​ច្រើនជាង​គេក្នុងចំណោម​គម្រោង​ក្នុង​វិស័យ​សំណង់​​ទាំង​មូល ។ តាមទិន្ន​ន័យ​​​បានបង្ហាញថា គម្រោងទទួលបានការអនុញ្ញាត​សាងសង់​សរុប​រយៈ​ពេល៦ខែ​នេះ មានចំនួន​ ១ ៦៤២​គ​ម្រោ​ង ក្នុងនោះគ្រាន់តែលំនៅឋាន​មានចំនួន ១ ៣៤៦​គម្រោងទៅហើយ ។ ក្រៅពីនេះ មានគម្រោង​ឧស្សា​ហ​កម្ម​ ១១៥គម្រោង សំណង់​ពាណិជ្ជកម្ម​ចំនួន១០៥​គម្រោង ទេសចរណ៍​ចំនួន ២៦គម្រោង​​ សំណង់​សា​ធា​រ​ណៈ​​ចំនួន ៤៩​គម្រោង​ និង​សំណង់​វិនិយោគ​១គម្រោង​ ។


បើតាម​ក្រាហ្វិក​​​ទិន្នន័យនៅក្នុងបាយការណ៍បានបង្ហាញឱ្យឃើញថា ចាប់តាំងពី​ក្រោយវិបត្តិកូវីដ​១៩ ការ​វិនិ​យោគ​លើវិស័យសំណង់​ចាប់ផ្ដើមមាននសន្ទុះឡើងវិញ ហើយ​ការ​ដាក់​ស្នើសុំ​សា​ង​សង់​លំនៅឋាន និង​សំ​ណ​ង់​ពា​ណិជ្ជកម្ម​ឃើញថា​​មានចំណែក​ច្រើនជាង​គេ​ ។

អ្នកនាង​ លាវ ហ្គេច​លាង មន្ត្រីទំនាក់ទំនង​នៃក្រុមហ៊ុន​ក្រេឌីត​ប្យូរ៉ូ​ខេមបូឌា បានបង្ហាញពី​របាយការណ៍​ឥណ​ទាន​របស់​ក្រុមហ៊ុន​ក្រេឌីត​ប្យូរ៉ូ​ខេមបូឌា ឱ្យដឹងថា កម្ចី​សម្រាប់ទិញ​អចលន​ទ្រព្យ​​ មានទិញ​ផ្ទះ អគារ ដី​ និង​សម្រា​ប់បើកអាជីវកម្មហាង មានកំណើន​ជាវិជ្ជាមាន ដោយ​ក្នុង​រយៈពេល​ពាក់​កណ្ដាល​​ឆ្នាំ​ កម្ចី​ប្រភេទ​មាន​ទំហំ​ទឹកប្រាក់ដល់​ទៅ ជាង​៧​ពាន់លានដុល្លារ​អា​មេ​រិក​ទៅហើយ ។

ឯកឧត្តម​ លាង មុនីរិទ្ធ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់​ បានថ្លែង​ បើទោះបីជា​ស្ថានភាពសេដ្ឋកិច្ច​ក្នុង​តំបន់ និងពិភពលោក នៅពុំ​ទាន់​ប្រសើរ​ឡើង​វិញ​​ដូច​ស្ថា​ន​ភាពមុន​​ការរីក​រាលដាល​នៃជំងឺកូវី​ដ​១៩ក៏ដោយ ប៉ុន្តែទុន​វិនិយោគ​ក្នុង​សំណង់អគារ ​រយៈ​ពេល៦ខែ​ដើមឆ្នាំ២០២៤នេះ កម្ពុ​ជា​ទទួ​ល​បា​​​ន​​ប្រមា​ណ ​​២,៦​ពាន់​លានដុល្លារ​អាមេរិក ដែល​ជាសញ្ញាបង្ហាញថា ​វិស័យ​សំណង់​កម្ពុជា​នៅតែមាន​កំណើ​ន​​ជា​​​ប្រ​ចាំ​​ ជាពិ​សេ​ស​គម្រោង​ថ្មីៗ​ដែល​បានស្នើ​សុំ​ក្នុងរយៈ​ពេល៦ខែ​ដើមឆ្នាំ២០២៤​នេះ មានកំណើន​ខ្ពស់​ជាង​​រយៈពេល​ដូច​​គ្នាកាលពី​ឆ្នាំ២០២៣ ៕