ភ្នំពេញ ៖ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព ២ចំណុច ក្នុងចំណោមទិសដៅអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច។
ចំពោះការងារអាទិភាពនៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរួមមាន៖
– លំនៅឋានជាទ្រនំសុភមង្គល (House of Happiness)៖ គឺផ្តោតទៅលើការរៀបចំផ្ទះដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត។
– ភូមិឋានក្សេមក្សាន្ត (Village of Peacefulness)៖ ការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភាពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង)។
– បុរីជនបទ (Rural Community/Rural Borei)៖ ការគិតគូរពីកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។
នេះបើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយឡែក ការអនុវត្តការងារសម្បទានដីសង្គមកិច្ចរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នាពេលកន្លងមក បានសម្រេចផ្តល់ដីសរុបទំហំ ១ ៣៥៦ ៨៥៧.១៤ហិកតា ជូនប្រជាពលរដ្ឋ សរុប ៤៨៧ ៥៥៧គ្រួសារ និងសាងសង់ផ្ទះសរុប ៨ ១៤១ខ្នង។ សម្បទានដីសង្គមកិច្ចអនុវត្តនៅក្នុងខេត្តចំនួន១៨ ដែលមានដូចខាងក្រោម៖
១. អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ
២. គ្រួសារកងទ័ព និងនគរបាលតាមបណ្តោយព្រំដែន
៣. ប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។