ប្រទេសអូស្ត្រាលី៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានទទួលជួបពិភាក្សាការងារជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ដោយមានការចូលរួមពីគណៈប្រតិភូអមដំណើររួមមានក្រសួង ស្ថាប័នកម្ពុជា និងផ្នែកឯកជនជាច្រើនរូប។
តាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជា។ ក្រុមហ៊ុន SunRice Group ក៏ត្រូវបានគេដឹងថាជាក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីដំបូងគេ ដែលបាននាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សចំពោះការជួបពិភាក្សាការងារផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ការងារទៅវិញទៅមកនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាដែលកម្ពុជាមាន ស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន និងវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅក្នុងប្រទេសកម្ពុជាដែលកាន់តែផ្ដល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជា។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុន SunRice Group គឺជាក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារ និងអង្ករមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៥០ ហើយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។


#ប្រភព៖ ទំព័រហ្វេសប៊ុកផេកChanthol Sun DPM