ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ កំពុងគិតគូររៀបចំដែនដី និងនគរូបនីយកម្ម សម្រាប់ប្រើប្រាស់តាមតំបន់ដែលមានសក្ដានុពលនៅទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានជជែកពិភាក្សាក្នុងការប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី។

នៅក្នុងផែនការនៃការកំណត់ប្លង់គោលប្រើប្រាស់ដីនាពេលនេះ គឺជាការកំណត់ឱ្យបានច្បាស់រវាងតំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ៖ «យើងប្រើប្រាស់នូវអ្វីដែលយើងមាន, យើងត្រូវការរៀបចំលំហសាធារណៈ, ដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៍ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ»។


សូមជម្រាបថា ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងព្រះបរមរាជវាំង, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ, រដ្ឋបាលខេត្ត មន្ទីរនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ ២០២៥ នៅទីស្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថា ផ្ដើមចេញពីកិច្ចប្រជុំនាពេលនេះយើងនឹងមានការឯកភាពគ្នាខ្ពស់នៅក្នុងដំណើរការនៃកិច្ចការរៀបចំដែនដីនិងនគរូបនីយកម្ម។ឯកឧត្តមបានបញ្ជាក់ថានៅក្នុងកិច្ចការរៀបចំដែនដីនិងនគរូបនីយកម្ម គឺត្រូវបានគូសវាសដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ប៉ុន្តែអ្នកអនុវត្តគឺជាក្រសួងមហាផ្ទៃ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ក្នុងអាណត្តិនេះយើងផ្ដើមសាកល្បងនូវរបត់ថ្មីដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានប្រើប្រាស់ពាក្យថាជាសម័យកាលដែលយើងត្រូវធ្វើទំនើបកម្មរបៀបរបបការងារ ការគិតគូរនិងទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ។

ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល៕