ភ្នំពេញ ៖ តម្លៃដីនៅក្នុងតំបន់មួយចំនួននៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥នេះ មានការថមថយបន្តិចបើធៀបនឹងឆ្នាំមុនៗ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី តម្លៃដីនៅតាមតំបន់មួយចំនួនក្នុងខណ្ឌនេះ នៅតែមានតម្លៃខ្ពស់ជាងគេបើធៀបនឹងបណ្ដាខណ្ឌផ្សេងទៀតក្នុងរាជធានីភ្នំពេញ ។
យោងតាមការវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA ដែលចេញផ្សាយសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថា តម្លៃដីនៅក្នុងខណ្ឌដូនពេញមានអត្រាខ្ពស់ជាងគេ ដែលក្នុងនោះ មានតំបន់ខ្លះ តម្លៃរហូតដល់ជាង១ម៉ឺនដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានតំបន់ខ្លះតម្លៃត្រឹមតែ ១៧០០ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។
យោងតាមការវាយតម្លៃនេះឃើញថា តំបន់នៅក្នុងសង្កាត់ផ្សារថ្មីទី១ ទី២ និងទី៣ តម្លៃនៅតាមបណ្ដោយផ្លូវធំ មានចន្លោះពី ៤៦០០ដុល្លារអាម៉េរិក ទៅ ១១ ០០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងនៅតាមបណ្ដោយផ្លូវតូចៗមានតម្លៃចន្លោះពី ២ ៣០០ដុល្លារអាម៉េរិក ដល់ ៤ ០០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ សម្រាប់តំបន់ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងទី២ ក៏ឃើញថាដីធ្លីមានតម្លៃប្រហាក់ប្រហែលនឹងសង្កាត់ផ្សារថ្មីដែរ ដោយសារតែតំបន់នេះស្ថិតនៅជិតគ្នា ។
ដោយឡែក តំបន់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌដូនពេញ រួមមានសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ដោយសង្កាត់ស្រះចក ដីដែលស្ថិតនៅតាមបណ្ដោយផ្លូវធំ មានតម្លៃប្រមាណ ៣១០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េទៅ ៤៩០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ មានតម្លៃចន្លោះពី ១៧០០ដុល្លារ ទៅ ៣៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ សម្រាប់សង្កាត់វត្តភ្នំឃើញថាដីនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី ៣៦០០ដុល្លារ ទៅ ៥០០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងនៅតាមបណ្ដោយផ្លូវតូចៗមានតម្លៃចន្លោះពី ២២០០ដុល្លារ ទៅ ៣៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ៕