ភ្នំពេញ ៖ ដើម្បីងាយស្រួល​ក្នុងការរៀបចំនគរូបនីយកម្មឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ទាក់ទាញ​ការ​វិនិយោគ​ និងអភិវឌ្ឍន៍​ទៅតាមតំបន់​នីមួយ​ៗ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា​ បានបែងចែក​ជា​តំបន់ប៉ូលសេដ្ឋកិច្ច និង​របៀងសេដ្ឋកិច្ចចំនួន​៨​នៅឆ្នាំ២០២៣ និងបានកាត់មក​នៅត្រឹម​៧​តំបន់ប៉ូល​វិញ ។​តាមរយៈរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា តំបន់ប៉ូលសេដ្ឋកិច្ចទាំង​៧នោះរួមមាន តំបន់ប៉ូលទី១​ គឺនៅរាជធានីភ្នំពេញ, តំបន់ប៉ូលទី២ គ្រប់ដណ្ដប់លើ​ខេត្ត​ទាំង៤ ជាប់ឆ្នេរ​សមុទ្រ​កម្ពុជា រួមមានខេត្ត​ព្រះសីហនុ កោះកុង កំពត​ និងខេត្ត​កែប, តំបន់​ប៉ូលទី៣ គ្រប់ដណ្ដប់លើ​ខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ចំណែក​ខេត្ត​បាត់ដំបង ខេត្តពោធិ៍សាត់​ បន្ទាយមានជ័យ និងខេត្ត​ប៉ៃលិន ត្រូវបាន​ចាត់បញ្ចូលជា​តំបន់​ប៉ូលសេដ្ឋកិច្ច​ និ​ងរបៀងសេដ្ឋកិច្ច​ទី​៤ ។

សម្រាប់​តំបន់​ប៉ូលទី៥ បានគ្រប់ដណ្ដប់លើ​ខេត្ត​ទាំង៤ ​ក្នុងភូមិ​ភាគឦសាន​រួមមាន ខេត្តមណ្ឌល​គិរី , រតនគិរី , ស្ទឹង​ត្រែង និងខេត្ត​ក្រចេះ ។ តំបន់​ប៉ូលទី​៦ រួមមាន ខេត្ត​កណ្ដាល, តាកែវ, កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ហើយប៉ូលទី​៧ គ្របដណ្ដប់លើខេត្ត​កំពង់ចាម, កំពង់ធំ និងខេត្តត្បូងឃ្មុំ ។​ ដោយឡែក ​ខេត្តចំនួន២ ផ្សេងទៀត រួមមានខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង ត្រូវ​បានចាត់បញ្ចូលជា​តំបន់ទី៨ ។​

​ឯកឧត្តម ​សៅ សុភាព រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ បានប្រាប់ឱ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជ្រើសរើស​ទីប្រឹក្សា​បច្ចេកទេសជាតិ​ចំនួន​៤ ដើម្បីជួយគាំទ្រការងារ​បច្ចេកទេសសម្រាប់ការ​រៀបចំផែនការលើការរៀបចំដែនដីថ្នាក់ជាតិ អភិវឌ្ឍន៍តំបន់​ប៉ូល ​និងរបៀង​សេដ្ឋកិច្ច ។ បន្ថែមពីលើនេះ ដោយ​មានការ​ចូលរួមមតិ​យោបល់​ពីក្រុមការងារក្រុមទីប្រឹក្សា​បច្ចេកទេស​ជាតិ ក៏ដូចជា​អ្នកពាក់ព័ន្ធ ក្រុមការងារ​បានពិនិត្យ​ឡើងវិញលើការ​បែងចែក​តំបន់ប៉ូលសេដ្ឋកិច្ច​ និងកែសម្រួល​មកនៅត្រឹម ​៧​តំបន់ប៉ូលសេដ្ឋកិច្ចវិញ ។

សម្រាប់តំបន់​ប៉ូលសេដ្ឋកិច្ចទាំង៧​ ដែលត្រូវ​បាន​ក្រសួងកំណត់សារ​ជាថ្មី គឺផ្អែកទៅលើភាព​សម​ស្រប​នៃសក្ដានុពល​តាមតំបន់ កត្តា​ប្រជា​សាស្ត្រ​ កត្តាភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច-សង្គម​ បរិស្ថាន ធនធានធម្មជាតិ និងវប្បធម៌ ។ ការ​បែងចែក​តំបន់ថ្មីនេះរួមានតំបន់ប៉ូលទី១ គឺរាជធានីភ្នំពេញ, ទី២ មានខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង, ទី​៣ ខេត្ត​ជាប់តំបន់សមុទ្រទាំង៤, ទី​៤ រួមមានខេត្ត​ខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ និងខេត្តប៉ៃលិន, ទី​៥ ខេត្ត​ក្នុងតំបន់វប្បធម៌ រួមមាន ខេត្ត​សៀមរាប, ព្រះវិហារ, កំពង់ធំ និងឧត្តរមានជ័យ, ទី​៦ ខេត្តទាំង៤ ​ក្នុងភូមិ​ភាគឦសាន និងទី៧ រួមមានខេត្តកំពង់ចាម,​ ត្បូងឃ្មុំ, ព្រៃវែង និងខេត្តស្វាយរៀង ៕