ខេត្តស្វាយរៀង នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានសក្តានុពលក្នុងការបង្កើតរោងចក្រ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងដែន ខណៈបច្ចុប្បន្នបាននិងកំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលដ៏មានសក្តានុពល។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តស្វាយរៀងមិនត្រឹមតែមានសក្តានុពលលើវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្តានុពលក្នុងការអភិវឌ្ឍន៍ រោងចក្រ សហគ្រាស វិស័យកម្មន្តសាលដ៏មានសក្តានុពលទៀតផង។
សម្ដេចបញ្ជាក់ថា ៖ «ខ្ញុំគិតថា សក្តានុពលខេត្តស្វាយរៀង បើយើងនិយាយពីខាងកសិកម្មមួយហើយ ប៉ុន្តែអ្វីដែលសក្តានុពលសំខាន់ធំបំផុតគឺឧស្សាហកម្មទៅថ្ងៃមុខ កន្លែងផលិតកម្មដែលជាមូលដ្ឋានសំខាន់របស់យើង មិនត្រឹមតែប្រមូលផ្តុំនៅបាវិតែ ថ្ងៃក្រោយនឹងអាចរីកមកខាងនេះ ហើយខ្ញុំសង្ឃឹមថា ២០ឆ្នាំទៀតខេត្តស្វាយរៀងគឺជាបណ្តុំនៃឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេស»។
សម្តេចបានលើកឡើងបន្ថែមថា ៖ «ផ្អែកលើទីតាំងភូមិសាស្រ្តស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម មានផ្លូវល្បឿនលឿននៅពេលខាងមុខ ថ្ងៃក្រោយផ្លូវដែកភ្ជាប់ទៅភ្នំពេញ ដូច្នេះ ថ្ងៃក្រោយ កសិកម្មក្តី ឧស្សាហកម្មក្តី កម្មន្តសាលក្តី គឺជាអាទិភាពដ៏ធំសម្រាប់ទិសខាងកើត»។
យ៉ាងណាក៏ដោយ ទោះជាខេត្តស្វាយរៀងមានសក្តានុពលច្រើនក្ដី ប៉ុន្តែការរៀបចំហេដ្ឋាសម្ព័ន្ធ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការគិតគូរទៅលើបរិស្ថានល្អ ជាពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពជារឿងចាំបាច់ដែលត្រូវអនុវត្តបន្តទៀត ដើម្បីជាប្រយោជន៍សេដ្ឋកិច្ច ភាពរីកចម្រើន ជាពិសេស ការលើកកម្ពស់ចំណូលជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។
គិតមកទល់ដើមឆ្នាំ២០២៦ ខេត្តស្វាយរៀងមានផ្ទៃដីសរុបចំនួន ២៩៦៦ គីឡូម៉ែត្រការ៉េ មានផ្ទៃដីសិកម្មសរុប ២១៣ ៤០០ហិកតា មានប្រជាជន ៦១៣ ១៥៩នាក់ និងមានកម្លាំងពលកម្មចំនួនជាង ១៤ ម៉ឺននាក់ ជាមួយតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស សរុបប្រមាន ១ ០៣៦ កន្លែង៕