ភ្នំពេញ ៖ គម្រោងស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ5 ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ2023 ខណៈស្ពានឆ្លងទន្លេសាប ឬស្សីកែវ សម្រេចបាន 75% និងស្ពានអាកាសផ្លូវជាតិលេខ5 ឬស្សីកែវ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី31 ខែមករា ឆ្នាំ2022 សម្រេចបាន 40%។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញ។
ចំពោះគម្រោងសាងសង់ស្ពានបេតុងឆ្លងទន្លេថ្មី មានតម្លៃជាង 35លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ 5 ទៅផ្លូវជាតិលេខ 6អា។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ2023 នាពេលខាងមុខ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន 4បង្គោល មានកំពស់រហូតដល់ 40ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។
ដោយឡែក គម្រោងសាងសង់ស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ 5 បាន និងកំពុងមមាញឹកក្នុងការសាងសង់ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចតាមផែនការ ក្នុងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃមានស្ពានអាកាសចំនួន6 ក្នុងនោះរួមមាន៖1.ស្ពានអាកាសក្បាលថ្នល់ 2. ស្ពានអាកាស7មករា ឬ ស្ពានស្តុបពេទ្យលោកសង្ឃ 3. ស្ពានអាកាសស្ទឹងមានជ័យ 4. ស្ពានអាកាស5មករា ឬ ស្ពានអាកាសតិច និងទី6. ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ។
ជាមួយគ្នានេះ កាលពីថ្មីនេះរដ្ឋបាលរាជាធានីភ្នំពេញបានបើករដ្ឋានសាងសង់ស្ពានអាកាស 2 សំខាន់ទៀតក្នុងរាជធានីភ្នំពេញ ស្ពានអាកាសមួយនឹងត្រូវសាងសង់នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថី ខេមរភូមិន្ទ (ផ្លូវ271) ចំណែកមួយទៀតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្សី មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល(ផ្លូវ2004) និងផ្លូវ2011៕