ភ្នំពេញ ៖ កម្ពុជាទទួលបានទុនវិនិយោគ 3.5ពាន់លានដុល្លារ ក្នុងរយៈពេល 10ខែ ឆ្នាំ2022នេះ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន 161គម្រោង ដោយកើនឡើង 15គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ 1.3% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ2022 កាលពីដើមសប្តាហ៍នេះ ថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករា ដល់ខែតុលា ទាំង 161គម្រោងនេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន 41,5% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន 51%។
លោកបានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការងារវិនិយោគឯកជន បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីគម្រោងវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំ អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាក្របខណ្ឌគតិយុត្ត និងយន្តការផ្សេងៗទៀតផងដែរ។
លោកបានថ្លែងថា ចំពោះការដាក់ចេញនូវយន្តការទាក់ទាញវិនិយោគចំគោលដៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យដំណើរការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា»ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត និងរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកដែលគ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័តនាបំណាច់ឆ្នាំ2022នេះ។
ផែនទីបង្ហាញផ្លូវនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការនាំចេញផលិតផលក្នុងវិស័យទាំងពីរ បង្កើនចំនួនការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអនុវត្តប្រកបដោយភាពមុតស្រួច និងចំគោលដៅ។
វិធានការទាំងនេះ នឹងមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាប្រឈមចម្បងៗមួយចំនួននៅក្នុងវិស័យទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងនឹងជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍វិនិយោគក្នុងវិស័យដទៃទៀត ជាពិសេសក្នុងវិស័យដែលមានសកម្មភាពវិនិយោគស្ថិតនៅក្នុងខ្សែបណ្ដោយ តែមួយ ជាមួយនឹងវិស័យទាំងពីរខាងលើ។ វិធានការមួយក្នុងចំណោមវិធានការទាំង20 នៃផែនទីបង្ហាញផ្លូវនេះ បានចង្អុលឱ្យបង្កើតយុទ្ធសាស្រ្តប្រទេសបូកដោយផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងប្រទេសថៃ។
បើតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ កាលពីឆ្នាំ2020 ខណៈពេលដែលរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោក រួមទាំងតំបន់អាស៊ាន មានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរង្វង់30-35% ប៉ុន្តែកម្ពុជាថយចុះត្រឹមតែ1%ប៉ុណ្ណោះ និងនៅឆ្នាំ2021 ថយចុះប្រមាណ3.8% ដោយសារតែជំងឺកូវីដ19រីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ដែលនាំឱ្យមានការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល ការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលជាហេតុធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសថយចុះនៅពេលនោះ៕