ព្រះសីហនុ ៖ ក្រុមហ៊ុន MARITIME CITY បានសម្រេចបោះទុនវិយោគជាង 164 លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តលំដាប់ផ្កាយ5 នៅខេត្តព្រះសីហនុ ខណៈដែលខេត្តមួយនេះកំពុងបង្ហាញពីសក្ដានុពលខ្លាំងក្នុងវិស័យទេសចរណ៍។
តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ5 ចំនួន 582 បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ2 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន MARITIME CITY នឹងទុនវិនិយោគប្រមាណ 164,4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,455 កន្លែងជូនប្រជាពលរដ្ឋ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានឆ្នេរ កោះ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើការនាពេលកន្លងមកនេះ។
លោកអភិបាលខេត្តបានបញ្ចាក់ថា តាមរយៈផែនការមេរបស់ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកបដោយចិរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ ហើយយើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ។ ខេត្តព្រះសីហនុជាផ្នែកមួយនៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា ទន្ទឹមនោះយើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ស្នាក់នៅប្រកបរបរនៅទីនេះ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន 199ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន 84ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន 33ក្រុមហ៊ុន គិតចាប់ពីឆ្នាំ1994 ដល់ខែតុលា ឆ្នាំ2022។
ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម 10ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន 81គម្រោង ក្នុងនោះកំពុងដំណើរការចំនួន 41គម្រោង និង40គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ៕