ភ្នំពេញ ៖ ស្របពេលដែលសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ ជាពិសេសវិស័យសំណង់នៅកម្ពុជាចាប់មានសកម្មភាពមមាញឹក ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២២ក៏ត្រូវបានធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន។
ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកថ្ងៃដំបូងទី១ ខែធ្នូ ឆ្នាំ២០២២នេះ គេសង្កេតឃើញវត្តមានរបស់ឧកញ៉ាក្នុងវិស័យដីធ្លី និងអភិវឌ្ឍន៍សំណង់នៅកម្ពុជា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវាយតម្លៃតម្លៃអចលនវត្ថុឈានមុខគេនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់ បានដើរទស្សនាដំបូងគេនៅតាមស្តង់នីមួយៗយ៉ាងយកចិត្តទុកដាក់។
ជាមួយនឹងការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២២ ដែលមានផលិតផលសរុបប្រមាណ២០០០មុខ គេសង្កេតឃើញមានក្រុមហ៊ុនលក់សម្ភារៈសំណង់មួយចំនួនបានបង្ហាញពីកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកឧកញ៉ាក្នុងគោលបំណងសហការជាដៃគូនៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ។
ជាការបញ្ចេញនូវទស្សនទាន លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២២នេះ ជាការបង្ហាញឱ្យឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ភាពល្អប្រសើរនៃវិស័យសំណង់នៅកម្ពុជា ខណៈដែលបណ្តាប្រទេសជិតខាងមួយចំនួននៅបន្តជួបវិបត្តិនៅឡើយ។
លោកឧកញ៉ាបានបន្តឱ្យដឹងថា វិស័យសំណង់នៅកម្ពុជា នៅតែបន្តភាពល្អប្រសើរ ជាពិសេសនៅតែផ្តល់ឱកាសល្អដល់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ដែលអាចទទួលបានផលចំណេញពីវិស័យមួយនេះ៕