ភ្នំពេញ ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន៧៩ ដោយបាននាំយកសម្ភារៈសំណង់ប្រមាណ២ពាន់ប្រភេទ មកបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០២២។

ឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់ឆ្នាំ២០២២នេះ មានក្រុមហ៊ុនជាច្រើនបានចូលរួមដាក់បង្ហាញពីផលិតផលសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ទំនើបៗ ប្រមាណ២០០០ប្រភេទដែលខ្លះជាផលិតផលក្នុងស្រុក និងខ្លះជាផលិតផលនាំចូលពីបរទេសនិងក៏មានការដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ផ្នែកសេវាកម្ម និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុជាច្រើនផងដែរ ។

ឯកឧត្តមបន្តថា សកម្មភាពនេះ គឺពិតជាបង្ហាញអំពីសញ្ញាណវិជ្ជមាន ការជឿជាក់លើសក្ដានុពលកម្ពុជា និងដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលនៅមានតម្រូវការខ្ពស់ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ត្រូវបានប៉ាន់ស្មានក្នុងរង្វង់ ៤,៥ភាគរយប្រកបដោយបរិយាប័ន្ន និងសមធម៌ និងក៏ជាសកម្មភាពនៃការចូលរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងជំរុញកំណើ ន ដើម្បីកម្ពុជាអាចឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីគន្លឹះក្នុងការជម្រុញកំណើន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍ទីការងារ ខណៈដែលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារ ទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្តីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំងជាដើម។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាអ្នករៀបចំ នូវពិព័រណ៍នេះបានមានប្រសាសន៍ថា ការរៀបចំឡើងវិញនូវការតាំងពិព័រណ៍ឧស្សាហក្មសំណង់កម្ពុជា-អន្តរជាតិក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនដែលមានផលិតផលសម្ភារៈ បរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់ទំនើបៗដែលមានគុណភាពល្អ និងទើបបាននាំចូលថ្មីៗសម្រាប់ដាក់តាំងបង្ហាញក្នុងកម្មវិធី នេះ ដើម្បីជំរុញនូវការលក់និងផ្សព្វផ្សាយជូនវិនិយោគិន និងអ្នកអភិវឌ្ឍន៍ដែលជាអ្នកមានធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការប្រទេសឡើងវិញ និងកំពុងធ្វើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញនោះ ។

អ្នកឧកញ៉ាបន្តថា ៖ « ការរៀបចំរបស់សមាគមឆ្នាំនេះយើងឃើញថាមានក្រុមហ៊ុនចំនួន៧៩ក្រុមហ៊ុនស្មើនឹង១៥០ស្តង់ដារ និងមានផលិតផលប្រមាណ២០០០មុខ និងផ្នែកសេវាកម្មជាង៥០ប្រភេទ បានចូលរួមនិងដាក់តាំងបង្ហាញបង្ហាញក្នុងកម្មវិធីពិព័រណ៍ នេះ ហើយផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផលដែលបាននាំចូលមកពីបញ្ហាប្រទេសជាច្រើន ដូចជានាំចូលមកពីប្រទេសចិន និងតំបន់តៃវ៉ាន់ វៀតណាម កូរ៉េ ថៃ ម៉ាឡេស៊ី បារាំង សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន អាល្លឺម៉ង់ ស៊ុយអ៊ែត ឥណ្ឌាជាដើម ៕