ភ្នំពេញ ៖ ជាការចែករំលែកនូវចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធទៅនឹងការស្ម័គ្រចូលបម្រើការងារដោយមិនយកកម្រៃដើម្បីអភិវឌ្ឍចំណេះ និងជំនាញរបស់ខ្លួន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ដែលមនុស្សគ្រប់ស្រទាប់វណ្ណៈទទួលស្គាល់ថាជាមហាសេដ្ឋីជំនួញដ៏ល្បីឈ្មោះទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិនោះ បានបង្ហើបប្រាប់ពីផលចំណេញមួយចំនួនដែលមនុស្សមួយចំនួនគិតមិនដល់។
តាមរយៈគណនីនៃបណ្តាញទំនាក់ទំនងសង្គមផ្លូវការផ្ទាល់ខ្លួន អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ៖
ថ្មីៗនេះ ខ្ញុំបានឮការពិភាក្សាប្រធានបទដ៏ពេញនិយមមួយដែលថា តើយើងគួរ”ធ្វើការដោយមិនយកកម្រៃ” ឬទេ? សម្រាប់ខ្ញុំ មុននឹងឆ្លើយសំណួរនេះ យើងគប្បីត្រូវពិចារណាលើចំណុចមួយចំនួនសិន ប្រសិនបើអ្នកចង់បំពេញការងារដោយមិនយកកម្រៃ ក្នុងឋានៈជាអ្នកហាត់ការ ឬអ្នកស្ម័គ្រចិត្ត។
អ្នកឧកញ៉ាបានបន្តថា ការធ្វើការដោយឥតគិតថ្លៃមិនមែនប្រាកដថាមិនបានកម្រៃនោះទេ ពីព្រោះពេលវេលាដែលយើងចំណាយដើម្បីទទួលបានបទពិសោធ នឹងផ្តល់អត្ថប្រយោជន៍ដល់យើងនៅពេលក្រោយ។ ឧទាហរណ៍ តាមរយៈការធ្វើការដោយស្ម័គ្រចិត្ត អ្នកនឹងរៀនអំពីជំនាញរបស់មនុស្ស ជំនាញនិយាយជាសាធារណៈ ឬរៀនអភិវឌ្ឍចំណេះដឹងផ្នែកគ្រប់គ្រងតាមរយៈការជួយអ្នកដទៃ។
គោលបំណងដែលអ្នកចង់បានពីការងារនោះគឺជាគន្លឹះសំខាន់ដែលត្រូវពិចារណា។ មានកត្តាសំខាន់ពីរដើម្បីសួរខ្លួនឯង មុននឹងទទួលធ្វើការដោយមិនគិតថ្លៃ។
សូមសួរខ្លួនឯងថា “តើអ្វីជាគោលបំណងរបស់ខ្ញុំក្នុងការចូលរួមក្នុងការងារដោយមិនយកប្រាក់? តើខ្ញុំចង់ធ្វើការងារនេះដើម្បីទទួលបានបទពិសោធឬ? តើខ្ញុំអាចទទួលបានអ្វីមកវិញពីការងារនេះ? តើសមត្ថភាពរបស់ខ្ញុំអាចឱ្យខ្ញុំចូលរួមការងារ ដោយមិនយកកម្រៃទេ? តើជីវភាពប្រចាំថ្ងៃ និងមូលដ្ឋានហិរញ្ញវត្ថុរបស់ខ្ញុំអាចឱ្យខ្ញុំធ្វើការដោយមិនគិតថ្លៃបានទេ?”
ឈរលើទស្សនៈអាជីវកម្មរបស់យើង ជាការពិតណាស់ នៅពេលយើងធ្វើអ្វីៗដោយមិនយកកម្រៃ វាអាចជួយសង្គម អភិវឌ្ឍមនុស្សជំនាន់ក្រោយឱ្យកាន់តែប្រសើរឡើង ឬបង្កើនសក្តានុពលបណ្តាញអាជីវកម្មថ្មីដែលពង្រឹងទំនាក់ទំនងផ្សេងៗបាន។
ដំបូន្មានដ៏សាមញ្ញរបស់ខ្ញុំគឺថា ប្រសិនបើអ្នកសម្រេចចិត្តធ្វើការដោយមិនគិតប្រាក់ អ្នកត្រូវតែប្រាកដថា ការងារនោះនឹងផ្តល់បទពិសោធដែលមានប្រយោជន៍ដល់អ្នក។ ពេលខ្លះ យើងធ្វើការដើម្បីទទួលបានចំណេះផ្សេងៗ បន្ទាប់មកចំណេះនោះនឹងអាចឱ្យយើងយកវាទៅប្រើប្រាស់នៅពេលក្រោយបាន ឬក៏អាចឱ្យយើងយកពុទ្ធិនោះទៅចែករំលែកបន្តទៀត។
ប្រសិនបើអ្នកចង់ចេះស៊ីជម្រៅក្នុងការងារណាមួយនោះ អ្នកត្រូវតែបន្ទាបខ្លួនក្នុងការចាប់យកឱកាសសិក្សាពីអ្នកដែលមានជំនាញច្បាស់លាស់។ តម្លៃដែលអ្នកត្រូវចំណាយដើម្បីរៀនពីជំនាញនោះ គឺជាពេលវេលារបស់អ្នកដែលបានចំណាយក្នុងឋានៈជាអ្នកហាត់ការ ឬអ្នកស្ម័គ្រចិត្តនោះឯង៕