ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីផ្សារស្គន់ដល់ក្រុងកំពង់ចាម) គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។
ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងពីរនេះត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិនគ្រាដែលឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ខណៈដែលតាមរយៈគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានថ្លែងកាលពីពេលកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងក្នុងការសាងសង់ផ្លូវ ស្ពានជាច្រើនកន្លែងទៀត តែដោយសារតែថវិកាមានកំណត់ ដូច្នេះរដ្ឋាភិបាលនឹងសាងសង់នូវផ្លូវណាដែលសំខាន់ៗ និងមានអាទិភាពមុនគេ ជាក់ស្ដែងដូចជាផ្លូវជាតិលេខ៧ ដែលជាផ្លូវសំខាន់ក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ខេត្តកំពង់ចាមខេត្តត្បូងឃ្មុំជាដើម ៕