ភ្នំពេញ ៖ រោងចក្រឧស្សាហកម្មដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ2022 មានចំនួន 1,982 រោងចក្រ កើនឡើងជាង 5 ភាគរយ ធៀបនឹងឆ្នាំ2021 ហើយរោងចក្រផលិតបានផលិតផលមានតម្លៃបរិមាណសរុបជាង 15,834 លានដុល្លារ កើនឡើង 83 ភាគរយ។ នេះយោងតាមរបាយការណ៍។
តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា តម្លៃបរិមាណផលិតផលនៃរោងចក្រឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុក មានចំនួនជាង 4,353 លានដុល្លារអាមេរិក និងសម្រាប់ធ្វើការនាំចេញមានចំនួនជាង 11,481 លានដុល្លារអាមេរិក។
របាយការណ៍បានឱ្យដឹងថា ជាមួយនឹងទុនវិនិយោគសរុបនៃរោងចក្រឧស្សាហកម្ម ជាង 16,690 លានដុល្លារអាមេរិក រោងចក្រឧស្សាហកម្មកំពុងដំណើរការទាំងនេះ បានផ្តល់ឱកាសការងារចំនួន ជាង 1 លានកន្លែង កើនឡើងជាង 4 ភាគរយ ធៀបនឹងឆ្នាំ 2021។
ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំ 2022 មានរោងចក្របើកថ្មីចំនួន 186 រោងចក្រ ខណៈដែលមានរោងចក្របិទទ្វារ មានចំនួន 83 រោងចក្រ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ 2022 និងលើកទិសដៅការងារ ឆ្នាំ2023 នៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023 ថា ការរីកចម្រើននៃវិស័យឧស្សាហកម្ម គឺបានកើតចេញកត្តាសុខសន្តិភាព រួមជាមួយនឹងកំណែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ការយកចិត្តទុកដាក់ស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោក មានប្រសាសន៍ថា ៖«វិស័យឧស្សាហកម្មនៅតែរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-19 ដែលធ្លាប់បន្ទុចបង្អាក់ដំណើរការរោងចក និងថយការបញ្ជាទិញមួយចំនួននាពេលកន្លងមក»៕