ហាណូយ ៖ យោងតាមការចេញផ្សាយរបស់ The Bloomberg នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនប្រមាណជា 1,800 កន្លែងដែលកំពុងប្រតិបត្តិការពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យក្នុងប្រទេសវៀតណាមបានប្រកាសផ្អាកដំណើរការរបស់ខ្លួននៅក្នុងត្រីមាសដំបូងឆ្នាំនេះ។
ប្រភពដដែលបានបន្តថា ចំនួនក្រុមហ៊ុនដែលបានបិទទ្វារទាំងនេះមានការកើនឡើងដល់ទៅ 61 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ2022 ខណៈដែលចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីៗដែលបានប្រកាសដំណើរការក៏មានចំនួនធ្លាក់ចុះដល់ទៅ 63 ភាគរយផងដែរធៀបទៅនឹងពេលវេលាដូចគ្នា ហើយក្នុងនោះក្រុមហ៊ុនដែលបានប្រកាសក្ស័យធនតែម្តងគឺមានទៅដល់៣៤០កន្លែង។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅក្នុងវេបសាយរបស់ក្រុមហ៊ុនកិច្ចការងារសំណង់របស់វៀតណាមបានបញ្ជាក់ដែរថា ក្រុមហ៊ុនអចលនទ្រព្យទាំងអស់អ្នកខ្លះចាំបាច់ត្រូវតែធ្វើការរៀបចំកម្ចីឡើងវិញ រៀបចំបំណុលឡើងវិញ ឬកាត់បន្ថយប្រតិបត្តិការ ព្រមទាំងកាត់បន្ថយបុគ្គលិកដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងស្ថានភាពនេះ។
ក្រសួងបានបញ្ជាក់ទៀតថា បញ្ហា និងឧបសគ្គសំខាន់ៗរបស់វិស័យអចលនទ្រព្យនៅពេលនេះរួមមានដូចជា ភាពលំបាករបស់ក្រុមហ៊ុនក្នុងកិច្ចដំណើរការទទួលបានកញ្ចប់កម្ចីបន្ថែម, បញ្ហាក្នុងការលក់បណ្ណបំណុល និងការប្រមូលយកទុនបន្ថែមដើម្បីអនុវត្តគម្រោងឡើងវិញជាដើម។
គួរឲ្យដឹងដែរថា វៀតណាមជាធម្មតាមិនងាយត្រូវបានគេមើលឃើញថាមានកំណើនសេដ្ឋកិច្ចតិចជាង 5 ភាគរយឡើយតាំងតែពីមុនសម័យកូវីដ ប៉ុន្តែក្នុងពេលកូវីដ និងការត្រឡប់មកវិញស្ថានភាពនេះហាក់មិនទាន់ធូរស្រាលឡើយ ហើយចុងក្រោយនេះគេរំពឹងទុកថាសេដ្ឋកិច្ចរបស់ប្រទេសនឹងមានកំណើនត្រឹមតែ 3.32 ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសនេះ៕