ភ្នំពេញ ៖ ការផ្គត់ផ្គង់ការិយាល័យថ្មីត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ ដោយបន្ថែមទំហំការិយាល័យចំនួន 203,000 ម៉ែត្រការ៉េចូលក្នុងទីផ្សារនៅចុងឆ្នាំ2023 ដែលជំរុញការផ្គត់ផ្គង់សរុបដល់ជាង 1,150,000 ម៉ែត្រការ៉េកើនឡើងចំនួន 21%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងទៀតថា នៅក្នុងត្រីមាសទី1 ឆ្នាំ 2023 គម្រោងអគារការិយាល័យចំនួន 4 បានហក់ចូលទីផ្សារ ដែលមានទំហំប្រមាណ 61,000 ម៉ែត្រការ៉េ បានបន្ថែមទៅទីផ្សារផ្គត់ផ្គង់។
ក្នុងត្រីមាសទី1 ឆ្នាំនេះផងដែរថា អត្រាជួល ឬកាន់កាប់ការិយាល័យ ដែលគ្រប់គ្រងដោយម្ចាស់តែមួយ ជាមធ្យមមានភាពប្រសើរឡើងបន្តិច ធៀបនឹងត្រីមាសមុន ដែលមានអត្រាកាន់កាប់ប្រមាណ 73% នៃការផ្គត់ផ្គង់សរុប។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការិយាល័យដែលជាអគារលក្ខណៈសហកម្មសិទ្ធ មានអត្រាកាន់កាប់នៅត្រឹមតែ 39% ប៉ុណ្ណោះ។ សរុបមក អត្រាកាន់កាប់ជាមធ្យមនៅគ្រប់ប្រភេទការិយាល័យទាំងអស់គឺ 65%។
ទោះបីជាតម្លៃការិយាល័យជួលនៅគ្រប់កម្រិតទាំងអស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល និងតំបន់មិនមែនពាណិជ្ជកម្មមិន បានកើនឡើងចន្លោះពី 1% ទៅ 5% ពីមួយត្រីមាសទៅមួយត្រីមាសក៏ដោយ ប៉ុន្តែអត្រាជួលនៅតែមានភាពថេរ។ នេះបង្ហាញសញ្ញាថា ទីផ្សារមិនទាន់មានភាពប្រសើរឡើងនៅឡើយ បើធៀបនឹងឆ្នាំ 2022។
ជាមួយនឹងការផ្គត់ផ្គង់ច្រើននាពេលខាងមុខ ការពង្រីកអាជីវកម្មតិចជាងមុន និងតម្រូវការជួលថ្មីទាប យើងរំពឹងថានឹងមានសម្ពាធបន្ថែមទៀតលើការជួលការិយាល័យ និងអត្រាកាន់កាប់ពេញមួយឆ្នាំ 2023។
កញ្ញា ជិន ច័ន្ទដាលុច្ស អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ៖«ខណៈពេលដែលទីផ្សារការិយាល័យបច្ចុប្បន្នមិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញដល់កម្រិតមុនការរាតត្បាត ទីផ្សារនេះនឹងបន្តផ្តល់ភាពអនុគ្រោះដល់អ្នកជួល បង្កើតឱកាសក្នុងការផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យដែលមានគុណភាពខ្ពស់នៅទីតាំងកណ្តាលក្រុង ជាមួយនឹងតម្លៃប្រកួតប្រជែង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត»៕