ក្រុងថ្មីចំនួន៤ ដែលរាជរដ្ឋាភិបាលទើបបង្កើតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលប្រកាសលើកលែងពន្ធលើអចលនទ្រព្យចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ពន្ធដារឱ្យដឹងថា ក្រុងចំនួន៤ ដែលរាជរាជរដ្ឋាភិបាលប្រកាសលើកលែងពន្ធរួមមានក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល និងក្រុងបូកគោខេត្តកំពត ។
សេចក្ដីប្រកាសដដែលនេះឱ្យដឹងថា ម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងក្រុងទាំង៤នេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានអចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។ ក្នុងករណីអចលនទ្រព្យស្ថិតនៅក្នុងក្រុងទាំង៤ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់ ។
ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានលើអចលនទ្រព្យបានបង់រួចនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធជាបន្តបន្ទាប់។