ភ្នំពេញ ៖ ភ្នំពេញ ៖ ដោយមើលឃើញថា មួយរយៈចុងក្រោយនេះមានការរឹបអូសផ្ទះពីសំណាក់ម្ចាស់បុរីមួយចំនួនពីអតិថិជនដែលមិនមានលទ្ធភាពបង់ប្រាក់បន្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យម្ចាស់បុរីព្យាយាមរកដំណោះស្រាយជាមួយអតិថិជនជៀសវាងការរឹបអូសផ្ទះពីអតិថិជន។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រនៅខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជនរបស់ខ្លួនរាប់សែនគណនី ដូច្នេះម្ចាស់បុរីនានាគប្បីរៀបចំឥណទានឡើងវិញជូនអ្នកទិញផ្ទះរបស់ខ្លួនផងដែរ។ បើអតិថិជនបង់មួយខែ៥០០ដុល្លារអាមេរិក ក្នុងពេលដែលមានភាពពិបាកដូចបច្ចុប្បន្ននេះ ម្ចាស់បុរីគួររៀបចំឱ្យគាត់បង់រយៈពេលវែងបន្តទៀតដោយបង់ត្រឹម៣៥០ដុល្លារអាមេរិកក្នុងមួយខែ ដែលអាចជៀសវាងការរឹបអូសពីអតិថិជន ។


សម្ដេចបន្តថា ៖ «ការរឹបអូសផ្ទះអតិថិជនបានបន្សល់ទុកនូវការឈឺចាប់ទៅដល់ម្ចាស់ផ្ទះដែលទិញអស់រយៈពេលជាច្រើនឆ្នាំ និងបានបង់អស់រាប់ម៉ឺនដុល្លារតែត្រូវបានម្ចាស់បុរីរឹបអូសយកវិញដោយមិនមានការជូនប្រាក់កាសខ្លះជូនគាត់។ សម្រាប់ការរៀបចំឥណទានឡើងវិញជូនអតិថិជនទិញផ្ទះក៏មិនធ្វើឱ្យខាតបង់ដល់ម្ចាស់បុរីដែរ មែនទែនទៅម្ចាស់បុរីមានតែចំណេញទៅវិញទេ ដោយការប្រាក់នៅតែការប្រាក់ដដែល ហើយបានអូសបន្លាយការបង់បន្តដល់អតិថិជន»។

សម្ដេចបានស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ជាពិសេសអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ធ្វើកិច្ចការងារជាមួយសមាជិករបស់ខ្លួនទៅលើបុរីនានា។

សម្ដេចមានប្រសាសន៍ ៖ « ខ្ញុំឮមកថា អតិថិជនមិនបានបង់ខែនេះ ស្រាប់តែរឹបអូសយកវិញ ដោយខ្ញុំមិនទាន់ដឹងថាពិត ឬមិនពិតទេ ប៉ុន្តែបើសិនជាការពិតមែននោះ គឺគ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះអ្នកទិញផ្ទះតែម្ដង ដោយគាត់បង់អស់រាប់ម៉ឺនដុល្លារហើយ បែរជាត្រូវរឹបអូសយកទទេ ដោយមិនមានប្រាក់សំណងខ្លះមកវិញ»។

សម្ដេចតេជោក៏បានប្រាប់ទៅម្ចាស់បុរីនានាពិចារណាក្នុងការផ្ដល់ផ្ទះជូនទៅម្ចាស់វិញ ក្នុងករណីរឹបអូសររួចហើយ ឬក៏អាចផ្ដល់ជាប្រាក់កាសខ្លះដល់ម្ចាស់ផ្ទះដែលម្ចាស់បុរីរឹបអូសនោះ ហើយក៏សូមឱ្យបញ្ឈប់ការរឹបអូសចំពោះអ្នកដែលគ្រោងនឹងរឹបអូសដោយសារតែម្ចាស់ផ្ទះមិនមានលទ្ធភាពបង់ក្នុងពេលនេះ ដោយសារតែកត្តាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ នេះក៏ជាមេរៀនមួយសម្រាប់អ្នកដែលទិញផ្ទះបង់រំលស់ឱ្យពិចារណាដិតដល់មុននឹងសម្រេចទិញផ្ទះដោយបង់រំលស់ ដូចជាការសិក្សាច្បាស់លាស់ដោយខ្លួនឯងលើប្រាក់ចំណូល និងចំណាយប្រចាំខែ ដោយក្នុងនោះដែរ អ្នកជំនាញហិរញ្ញវត្ថុក៏បានណែនាំកន្លងមកថា បើចង់ទិញផ្ទះដោយបង់រំលស់ត្រូវបង់ត្រឹម ៣០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនប៉ុណ្ណោះ មានន័យថា បើរកបានចំណូល១០០០ដុល្លារសូមរកទិញផ្ទះរំលស់ដែលបង់ត្រឹម៣០០ដុល្លារអាមេរិក ឬក្រោមនេះ ប៉ុន្តែធាតុពិតជាក់ស្ដែង អ្នកទិញផ្ទះបង់រំលស់ខ្លះហ៊ានទិញផ្ទះដោយរំលស់ស្មើនឹង៥០ភាគរយនៃចំណូល និងមានខ្លះទៀត៧០ភាគរយនៃចំណូលដែលជាហានិភ័យខ្ពស់ចំពោះបញ្ហាវិបត្តិហិរញ្ញវត្ថុគ្រួសារ ៕